ការ៉ាតេដូ រំពឹងប្រជែងបានចំណាត់ថ្នាក់ល្អនៅកីឡាទ្វីបអាសុីខែក្រោយនេះ

នូ មករា July 24, 2018


ភ្នំពេញ៖ នាខែសីហាខាងមុខនេះ សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា នឹងបញ្ជូនអត្តពលិក២រូបរបស់ខ្លួនក្រោមការអនុញ្ញាត និងដឹកនាំពីគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាក៏ដូចជា ក្រសួងអប់រំយុវជននិង កីឡា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី ដោយមាន៤៥ប្រទេសចូលរួម  និងនោះបានរំពឹងជាង៨០ភាគរយថានឹងទទួលបានចំណាក់ថ្នាក់ល្អ ។

 លោក ឡាច ច័ន្ទដារ៉ា គ្រូជំនួយការ៉ាតេដូជម្រើសជាតិកម្ពុជា បានមានប្រសាសន៍ថា អត្តពលិកការ៉ាតេដូ ២រូប ដែលសហព័ន្ធសម្រឹតសម្រាំងត្រៀមបញ្ជូនទៅប្រជែងព្រឹត្តិការណ៍ខាងលើនេះ មានកីឡាករ កាក់ សិលាបញ្ញា ប្រកួតលើវិញ្ញាសាក្រោម៧៥គីឡូក្រាម និងកីឡាករ លី រតនៈសម្បត្តិ ប្រកួតលើវិញ្ញាសាក្រោម៦៧គីឡូក្រាម ហើយពួកគេបានហ្វឹកហាត់ត្រៀមខ្លួជាង៥ខែមកហើយ ដើម្បីប្រជែងតំណាងឲ្យកម្ពុជា។


លោកបន្តទៀតថា៖ «ព្រោះកន្លងមកសហព័ន្ធធ្លាប់បានបញ្ជូនកីឡាករទាំង២រូបនេះ ទៅចូលរួមប្រកួតជើងឯកការរ៉ាតេអាស៊ី នៅប្រទេសជប៉ុន កាលពីកន្លងទៅកីឡាករការ៉ាតេកម្ពុជាមិនបានឈ្នះមេដាយនោះទេ តែពួកគេជាប់ចំណាត់ថ្នាក់លេខ៩ ខណៈដែលមានប្រទេសចូលរួមចំនួន៣៧ប្រទេស។»


លោកបានបន្ថែមថា៖ ជាមួយគ្នានេះដែរចំណោះការត្រៀមខ្លួនប្រជែងក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនេះ កីឡាករ កាក់ សិលាបញ្ញា បង្ហាញទំនុកចិត្តខ្ពស់ថា ខ្លួនគេនឹងធ្វើឱ្យបានល្អ និងទទួលបានលទ្ធផល្អប្រសើរជាងការប្រកួតជើងឯកអាស៊ីនៅប្រទេសជប៉ុនកាលពីកន្លងទៅ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់