កម្ពុជាមិនទាន់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍ ASEAN School Games នៅឡើយ

នូ មករា July 23, 2018


ភ្នំពេញ៖ លោក ព្រំ ប៊ុណ្ណយី នាយបេសកកម្មកម្ពុជាសម្រាប់ព្រឹត្តិការណ៍ 10th ASEAN School Games បានប្រាប់ឲ្យដឹងពីទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីដែលជាកន្លែងប្រារព្ធការប្រកួតកីឡាសិស្សអាស៊ានលើកទី១០មកថា កម្ពុជានៅមិនទាន់ដណ្ដើមបានមេដាយនៅឡើយទេ ខណៈប្រភេទកីឡាអត្តពលកម្ម និងហែលទឹកកម្ពុជាបានត្រឹមតែវិះនឹងបានឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះតែទោះជាយ៉ាងណាក៏លោកធ្វើការកត់សម្គាល់ថាគុណផលរបស់ពួកគេមានការប្រែប្រួលល្អជាងលើកមុន ។

សម្រាប់ប្រភេទកីឡាវាយកូនឃ្លីលើតុពុំទាន់មានសេចក្ដីរាយការណ៍នៅឡើយទេតែសម្រាប់ប្រភេទកីឡាវាយសីវិញ្ញាសាប្រកួតជាក្រុមកម្ពុជាបានចាញ់ទៅហើយ ។ វាយសីនៅសល់តែវិញ្ញាសាវាយគូ និង ឯកត្តជនប៉ុណ្ណោះ ។


នេះជាលើកទី៣ហើយដែលកម្ពុជាចេញទៅប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ ។ កម្ពុជាចេញទៅលើកដំបូងនៅ
ឆ្នាំ២០១៦ក្នុងការប្រកួតលើកទី៨នៅខេត្តឈៀងម៉ៃរាជាណាចក្រថៃដោយកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុ  ។

លើកទី២ឆ្នាំ២០១៧ក្នុងការប្រកួតលើកទី៩នៅសឹង្ហបូរីកម្ពុជាពុំបានមេដាយឡើយ ។ សម្រាប់លើកនេះស្ថានភាពហាក់ដូចជាមិនសូវល្អសោះទោះបីក្រុមកម្ពុជាដែលចេញទៅប្រកួតសុទ្ធតែជាកីឡាជម្រើសជាតិថ្នាលក៏ពិតមែនក៏ដោយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់