ម្ចាស់មេដាយប្រាក់កីឡាសាច់ដុំពិភពលោកចំណាយពេលជាង១០ឆ្នាំទើបទទួលលទ្ធផលល្អ!

នូ មករា July 19, 2018


ភ្នំពេញ៖ ទម្រាំបានជោគជ័យសម្រេចគោលបំណងរបស់ខ្លួននៅក្នុងការប្រកួតកីឡានីមួយៗអត្តពលិកគ្រប់ប្រភេទកីឡាបានខិតខំហ្វឹកហាត់អស់ជាច្រើនខែឆ្នាំទើបទទួលបានលទ្ធផលតបស្នងត្រលប់មកវិញ ក្នុងនោះមានកីឡាករម្នាក់ខាងផ្នែកកីឡាកាយវប្បកម្មរបស់កម្ពុជាគឺលោក តឹក ប៊ុនវី ដែលជាម្ចាស់មេដាយប្រាក់ពិភពលោកកាលពីចុងឆ្នាំ ២០១៧នោះបានប្រើពេលវេលាក្នុងការហ្វឹកហាត់ជាង១០ឆ្នាំឯណោះទើបទទួលបានលទ្ធផលល្អមកវិញ ។

 

ថ្ងៃនេះគេហទំព័រ Camsports សូមលើកយកប្រវត្តខ្លះៗរបស់ម្ចាស់មេដាយប្រាក់ពិភពលោករូបនេះមកជូនប្រិយមិត្តឱ្យបានដឹងដូចខាងក្រោម៖ កីឡាកររូបនេះមានស្រុកកំណើត នៅឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ហើយលោកជាកូនប្រុសម្នាក់ក្នុងគ្រួសារកសិករដែលមានបងប្អូនចំនួន ៣ នាក់ទៀត តែមិនមែនជាអ្នកនិយមលេងកីឡាឡើយ ហើយសព្វថ្ងៃនេះកំលោះវ័យ ៤២ ឆ្នាំរូបនេះមានលំនៅក្នុងបុរីពិភពថ្មីរាជធានីភ្នំពេញ។ កីឡាករ តឹក ប៊ុនវី បានសម្រេចចិត្តសុំគេចូលហ្វឹកហាត់ និងសម្តែងក្នុងក្លិបមួយនៅម្តុំវត្តកោះ ក្នុងឆ្នាំ២០០០ ហើយលោកបានចំណាយពេលវេលាក្រៅពីការសិក្សា និងការងារព្រមទាំងលុយកាក់ផ្ទាល់ខ្លួនជាច្រើនទៀត ដើម្បីចូលហ្វឹកហាត់ និងសម្តែង ឬប្រកួតក្នុងព្រឹត្តិការណ៍នានាហើយរហូតដល់ឆ្នាំ២០១៦ លោកក៏ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជាថែមទៀត ។
សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិវិញ លោកធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការប្រកួតជើងឯកអាស៊ីឆ្នាំ២០១៣ នៅវៀតណាម បន្ទាប់មកបានឈ្នះមេដាយសំរឹទ្ធជើងឯកអាស៊ាន ឆ្នាំ២០១៤ នៅសិង្ហបុរី ហើយក្នុងការប្រកួតជើងឯកអាស៊ាននាឆ្នាំ ២០១៦ នៅថៃ កីឡាកររូបនេះបានឈ្នះមេដាយមាសមួយទៀតមុនពេលឈ្នះបានមេដាយសំរឹទ្ធ ក្នុងការប្រកួតជើងឯកពិភពលោកនៅចុងឆ្នាំ២០១៦ដដែលនោះ ។
 
លោកបានបន្តថា៖ «ខ្ញុំនិយមចូលចិត្តកីឡាបង្ហាញសាច់ដុំនេះណាស់ ព្រោះវាជានិស្ស័យរបស់ខ្ញុំតាំងពីធម្មជាតិ។ កាលពីនៅជាកុមារភាព ខ្ញុំធ្លាប់ឃើញរូបភាពកីឡាកាយវប្បកម្មនេះ ល្អស្អាត ហើយខ្ញុំក៏ចង់ក្លាយខ្លួនដូចគេ​ហើយការប្រឹងប្រែងតស៊ូក្នុងវិស័យកីឡាសាច់ដុំ មកដល់ពេលនេះខ្ញុំទទួលបានលទ្ធផលសមតាមបំណងរបស់ខ្ញុំហើយ ប៉ុន្តែខ្ញុំនៅតែមិនបោះបង់ចោលការព្យាយាម ក្នុងការត្រៀមខ្លួនចូលរួមប្រកួតរកមេដាយមាសបន្តទៀតនៅព្រឹត្តិការណ៍ក្រោយ»។ គួបញ្ជាក់ផងដែរថា កីឡាករ តឹក ប៊ុនវី ទើបតែដណ្តើមបានមេដាយប្រាក់ពីការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក នៅម៉ុងហ្គោលី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ដោយមានប្រទេសចូលរួមជាង ៤០ គឺស្របពេល កីឡាករ សំបូរ ណាន ឈ្នះមេដាយមាស ហើយ ណុំ សុបិន្ត ដ៏ឈ្នះបានមេដាយសំរឹទ្ធផងដែរ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់