កម្ពុជា នឹងចូលរួមប្រកួតអុកពិភពលោកលើកទី២ នាខែកញ្ញាខាងមុខនេះ

នូ មករា July 16, 2018


ភ្នំពេញ៖ នេះជាលើកទី២ ហើយសម្រាប់កីឡាករ ហេង ចំណាន របស់កម្ពុជាដែលមានសំណាងចេញទៅប្រកួតកីឡាអុកចិនកម្រិតពិភពលោកនៅក្រុងឆឹងទូ ខេត្តស៊ីឈ័នប្រទេសចិន នាខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ កីឡាកររូបនេះធ្លាប់បានចូលរួមការប្រកួតកីឡាអុកចិនជើងឯកពិភពលោកនេះម្តងហើយកាលពីឆ្នាំ២០១៧ ហើយនៅការប្រកួតលើវិញ្ញាសាឯកត្តជន និងវិញ្ញាសាចាប់គូប្រកួតជាក្រុមជាមួយប្រទេសដទៃ គឺ ២ ទល់នឹង ២ នោះ ចំណាន បានលេខ ៤ ក្នុងចំណោមអត្តពលិកមកពីជាង ២០ ប្រទេស ក្នុងនោះរូបគេបានឈ្នះកីឡាករអាល្លឺម៉ង់ ឈ្នះម៉ាឡេស៊ី ឈ្នះថៃ ប៉ុន្តែចាញ់កីឡាករជប៉ុន។
លោកឧកញ៉ា លី ហួត ប្រធានសហព័ន្ធកីឡាអុកអន្តរជាតិកម្ពុជាបានឱ្យដឹងថា កីឡាអុកនៅលើពិភពលោកគេបែងចែកជា ៣ ប្រភេទ គឺអុកចត្រង្គ អុកចិន និងអុកអន្តរជាតិហើយសហព័ន្ធបានគ្រប់គ្រងតែកីឡាអុកអន្តរជាតិ និងអុកចិនទេ ដោយកម្ពុជាជាសមាជិកពេញសិទ្ធិច្រើនឆ្នាំមកហើយ។ ចំណែកកីឡាអុកចត្រង្គ មានសហព័ន្ធដាច់ដោយឡែកមួយទៀត។ លោកបានបន្តថា៖ “យើងធ្លាប់ធ្វើម្ចាស់ផ្ទះកម្រិតអាស៊ានកាលឆ្នាំ២០១៧ ដោយកាលនោះកីឡាករ ហេង ចំណាន ដណ្តើមបានលេខ១ ហើយការប្រកួតនៅថៃកាលពីខែមេសា ឆ្នាំ ២០១៨ ហេង ចំណាន បានលេខ ៣ ផងដែរ។”

សូមបញ្ជាក់ថា គិតមកដល់ពេលនេះមានប្រទេសមួយចំនួនបានចុះឈ្មោះចូលរួមរួចហើយសម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះមាន ចិន វៀតណាម ម៉ាឡេស៊ី ហូឡង់ អាល្លឺម៉ង់ កម្ពុជា ម៉ាកាវ មីយ៉ាន់ម៉ា ហ្វាំងឡង់ អាមេរិក ឥណ្ឌូនេស៊ី អូស្ត្រាលី បារាំង រុស្ស៊ី និងហ្វីលីពីន ជាដើមខណៈដែលកម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃ៨ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់