កីឡាករ កីឡាការិនីហែលទឹក ១៩រូបនឹងទៅហ្វឹកហាត់ និងស្វែងយល់ពីវប្បធម៌ជប៉ុនមួយសប្ដាហ៍

នូ មករា July 13, 2018


ភ្នំពេញ៖ បើតាមការអះអាងពី លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឱ្យដឹងថាស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានទទួលយកសំណើរបស់សហព័ន្ធខ្មែរកីឡាហែលទឹកស្ដីពីការបញ្ជូនកីឡាករ-កីឡាការិនី ចំនួន១៩រូប និងអ្នកសម្របសម្រួលមួយរូបដើម្បីទៅហ្វឹកហាត់ក្នុងរយៈពេលមួយសប្ដាហ៍ ។ លោក គីរី បានថ្លែងប្រាប់ទៅកីឡាករ-កីឡាការិនីរបស់លោករួចហើយថា ការចេញទៅប្រទេសជប៉ុនរយៈពេលមួយសប្ដាហ៍នេះគឺដើម្បីហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីវ័យក្មេងៗរបស់ជប៉ុន រីឯការស្នាក់នៅគឺបែងចែកគ្នារស់នៅជាមួយគ្រួសារជប៉ុនដើម្បីស្វែងយល់ និងចែករំលែកពីចំណេះដឹងវប្បធម៌ដល់គ្នាទៅវិញទៅមក ។
គ្រួសារជប៉ុនចូលចិត្តធ្វើបែបនេះព្រោះនេះជាទស្សនកិច្ចសិក្សាដើម្បីស្វែងពីការរស់នៅប្រចាំថ្ងៃពីគ្នាទៅវិញទៅ ការស្វែងយល់ពីប្រពៃណី ពីការរស់នៅប្រចាំថ្ងៃ និងពីការងារប្រចាំថ្ងៃជាដើម ។ សូមបញ្ជាក់ដែរថា កន្លងមកខេមរសហព័ន្ធការ៉ាតេ-ដូធ្លាប់បានទទួលនូវទស្សនកិច្ចសិក្សាបែបនេះពីជប៉ុនដែរ ។ លោកអគ្គលេខាធិការបន្តថាការចេញទៅជប៉ុនលើកនេះមិនសំដៅតែលើកីឡាករ-កីឡាការិនីជម្រើសជាតិនោះ ទេតែសំដៅទៅលើវ័យ និងសីលធម៌ព្រោះលើកនេះត្រូវរស់នៅជាមួយគ្រួសារជប៉ុន ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់