កម្ពុជា គ្រោងប្រកួតបាល់ទឹក (Water Polo) ជាលើកដំបូងនៅចុងឆ្នាំនេះ

នូ មករា July 12, 2018


ភ្នំពេញ៖ នេះជាការបោះជំហានថ្មីមួយទៀតដែលសហព័ន្ធខ្មែរកីឡាហែលទឹកចាប់ផ្ដើមបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក (Water Polo) កម្រិតមូលដ្ឋានជាលើកដំបូង ។ វគ្គរយៈពេលខ្លីនេះចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដាក្រោមការបង្ហាត់បង្រៀនពីគ្រូជនជាតិគុយបាគឺលោក Alexander ដែលជាអតីតកីឡាករបាល់ទឹក និងជាអ្នកឯកទេសខាងកីឡាបាល់ទឹក ។
សូមបញ្ជាក់ថា កីឡាបាល់ទឹកគឺលេងនៅក្នុងអាងទឹកដែលអាងទឹកនោះត្រូវតែមានជម្រៅទឹកទាបបំផុតជាង២ម៉ែត្រដែរព្រោះកីឡាករត្រូវការហែលលេង ។ វិញ្ញាសាបាល់ទឹកជាប្រភេទកីឡាអូឡាំពិកដែលមួយក្រុមៗមាន១៣នាក់ហើយនៅពេលប្រកួតគឺមាន៤នាក់ក្នុង ទីលានប្រកួត ។ ការប្រកួតចែកចេញជា៤វគ្គដែលមួយវគ្គៗមានរយៈពេល៨នាទី ហើយនៅពេលសម្រាកកីឡាករត្រូវតែចេញពីទីលាន ។ សិក្ខាកាមដែលចូលរួមមានចំនួន២៤នាក់ដែលមកពីក្លិបនានាក្នុងរាជធានីភ្នំពេញដូចជាមហាផ្ទៃ វិទ្យាស្ថាន ជាតិអប់រំកាយ និង កីឡា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ក្លិបព្រឹទ្ធាចារ្យហែម ថុន ក្លិបជ្រោយចង្វារ ក្លិបក្រសួងពត៌មាន និងខេត្តកំពង់ចាម ដោយពួកគេជាកីឡាករហែលទឹក និងអតីតអត្តពលិកហែលទឹក ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកថ្លែងនៅក្នុងពិធីបើកវគ្គថាវគ្គនេះគឺសិក្សាលម្អិតទៅលើច្បាប់ប្រកួត តួនាទីគ្រូបង្វឹកហើយបន្ទាប់ពីវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកហើយនោះលោកត្រូវបន្តបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងមន្ត្រីបច្ចេកទេសបន្ថែមទៀត ។ វគ្គនេះឧបត្ថម្ភដោយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ សហព័ន្ធខ្មែរកីឡាហែលទឹក ក្រសួងអប់រំយុវជន និង កីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ សូមបញ្ជាក់ថា បាល់ទឹកជាវិញ្ញាសាមួយស្ថិតនៅក្រោមសហព័ន្ធហែលទឹកដូចវិញ្ញាសាដទៃទៀតដែលមាន ហែលចម្ងាយឆ្ងាយ(Open Water) ហែលទឹក លោតទឹក(Diving Water) រាំក្នុងទឹកជាដើម ។ បន្ទាប់ពីបញ្ចប់វគ្គ នេះទៅគ្រូដែលទើបតែបណ្ដុះបណ្ដាលនេះត្រូវតែក្លិបដើម្បីបង្ហាត់សិស្សព្រោះចុងឆ្នាំនេះសហព័ន្ធនឹងរៀបចំការប្រកួតសាកល្បងជាលើកដំបូង ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់