អ្នកជំនាញអន្តរជាតិអះអាងថា កីឡាយូដូកម្ពុជានៅមានកម្រិតទាបជាងប្រទេសក្នុងតំបន់!

នូ មករា July 12, 2018


ភ្នំពេញ៖ បន្ទាប់ពីបានបំពេញទស្សនកិច្ចជាង១សប្ដាហ៍នៅក្នុងប្រទេសកម្ពុជារួចមក អ្នកជំនាញផ្នែកកីឡាយូដូមកពីវិទ្យាស្ថានយូដូកូដូកាន់ (Kodokan Judo Institute) របស់ជប៉ុនបានសង្កេតឃើញថា វិញ្ញាសារកីឡាយូដូរបស់កម្ពុជានៅមានកម្រិតទាបណាស់ ពោលគឺទាបជាងប្រទេសនៅក្នុងតំបន់ដូចជា ថៃ ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត។ លោក Chikara Kariya បានមានប្រសាសន៍បែបនេះនៅក្នុងវគ្គបណ្តុះបណ្តាលយូដូកូដូកាន់ និងប្រឡងដាន់ចំនួន ៤ ថ្ងៃកាលពីសប្តាហ៍មុន។
លោកបានថ្លែងថា៖ «នេះជាលើកដំបូង ដែលខ្ញុំបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ហើយខ្ញុំមើលឃើញថា យូដូកម្ពុជា នៅមានកម្រិតទាប ជាងប្រទេសក្នុងតំបន់ ដូចជា ថៃ ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀត ប៉ុន្តែអ្វីដែលសំខាន់កម្ពុជាមានគោលការណ៍ច្បាស់លាស់ មានអត្តពលិក និងគ្រូបង្វឹកល្អៗ ហេតុនេះបើសិនជាកម្ពុជា រក្សាការប្រឹងប្រែងហ្វឹកហាត់ គឺយូដូកម្ពុជា នឹងមានការរីកចម្រើន អាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗបាន»។ «បើទោះបីជាការរីកចម្រើននេះ យើងត្រូវប្រើពេលច្រើនទៀត ប៉ុន្តែយើងមានសង្ឃឹមធំបំផុត ដោយខ្ញុំជឿថា កម្ពុជាអាចធ្វើបាន ហើយអ្វីដែលសំខាន់នោះ គឺត្រូវរក្សាការប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដែលនេះជាកត្តាយ៉ាងសំខាន់បំផុត ក្នុងការជំរុញវិស័យកីឡាយូដូនៅកម្ពុជា ឲ្យមានការរីកចម្រើន»។

ជាមួយគ្នានេះដែរ លោក ហេង លី ប្រធានខេមរសហព័ន្ធយូដូ បានថ្លែងថា៖ «សិក្ខាសាលានេះ យើងបានទទួលជោគជ័យ និងទទួលបានបច្ចេកទេសថ្មីពីគ្រូជប៉ុន ហើយយើងនឹងមានកម្មវិធីថ្មីៗទៀត ដោយយើងនឹងបញ្ជូនកីឡាករ ឬគ្រូបង្វឹកទៅសិក្សានៅប្រទេសគេថែមទៀត។ លើសពីនេះយើង នឹងខិតខំពង្រីកក្លិប និងពង្រីកបច្ចេកទេស ឲ្យបានកាន់តែល្អ»។ លោកបន្ថែមថា៖ «ការអភិវឌ្ឍរបស់យូដូកម្ពុជា នៅពេលនេះ គឺយើងបានទទួលកូនសិស្សជាច្រើន និងបានបង្កើតក្លិបមួយចំនួន នៅតាមខេត្ត គឺខុសពីមុន ដែលមានតែ ១ ក្លិប គ្មានការប្រកួតប្រជែង ។ យើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការបង្កើនគ្រូបង្វឹក និងអត្តពលិកឲ្យបានកាន់តែច្រើន ដើម្បីធ្វើការប្រកួតប្រជែងសម្រិតសម្រាំងយកអត្តពលិកឆ្នើមៗ មានសមត្ថភាពត្រៀមទៅចូលរួមនៅស៊ីហ្គេម ឆ្នាំ២០២៣»៕
ប៉ាវឡុង ជីង

មតិយោបល់