កម្ពុជាបន្ថែម១វិញ្ញាសាទៀតដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អាសុីហ្គេមឆ្នាំនេះ

នូ មករា July 11, 2018


ភ្នំពេញ៖ ខណៈដែលព្រឹត្តិការណ៍អាសុីហ្គេមចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី១៨ ខែសីហា ឆាប់ៗខាងមុខនេះនៅប្រទេសឥណ្ឌូនេស៊ី កម្ពុជាបានបន្ថែមប្រភេទកីឡាចំនួន១វិញ្ញាសាទៀត សម្រាប់ប្រកួតប្រជែងដណ្ដើមយកមេដាយមកជូនជាតិ គឺប្រភេទកីឡា ទូកកាណូ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា សម្រាប់អាសុីហ្គេមឆ្នាំ២០១៨នេះ កម្ពុជានឹងបញ្ជូនប្រភេទកីឡាទាំង១៣ឱ្យទៅចូលរួមប្រកួតរួមមានដូចជា៖ ជេតស្គី យឺយេតស៊ូ តេក្វាន់ដូ ទូកក្តោង កាយសម្ព័ន្ធ អត្តពលកម្ម ហែលទឹក យូដូ ការ៉ាត់តេ សូហ្វតិន្នីស ចាក់សាប ចំបាប់ និង ទូកកាណូ ដែលទើបតែបញ្ជូលថ្មីសរុបអត្តពលិកចំនួន ៧៤នាក់ ក្នុងនោះមានកីឡាករ កីឡាការិនី គ្រូបង្វឹក និងថ្នាក់ដឹកនាំផងដែរ។
លោកបានបន្តថា ១៣ប្រភេទកីឡាដែលបញ្ជូនទៅចូលរួមភាគច្រើនជាកីឡាប្រយុទ្ធឯកត្តជនហើយភាគច្រើនជាប្រភេទកីឡាដែលមានសក្តានុពលអាចមានលទ្ធភាពប្រជែងនាំយកមេដាយបានត្រឡប់មកវិញ ហើយនេះគឺជាដែលជាយុទ្ធរបស់ក្រសួងអប់រំយុវជន និងកីឡាចូលរួម ដើម្បីសម្រួចង្កើនបទពិសោធន៍ និងបច្ចេកទេសការប្រកួតកម្រឹតអន្តរជាតិត្រៀមសម្រាប់ប្រជែងនៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ 
អគ្គលេខាធិការ NOCC រូបនេះបានបញ្ជាក់ថា ព្រឹត្តិការណ៍អាសុីហ្គេមឆ្នាំនេះកម្ពុជាបញ្ជូន១៣ប្រភេទកីឡា ប៉ុន្តែកីឡាដែលប្រកួតជាក្រុមមិនដាក់ចូលរួមឡើយ ក្រោយពីមើលឃើញថា គម្លាតការប្រជែងមេដាយហាក់នូវមានកម្រិតបើធៀបនឹងប្រទេសចូលរួម។ កីឡាជាក្រុមដូចជា បាល់ទះ បាល់ទាត់ បាល់បោះជាដើម មិនទាន់មានសក្តានុពលគ្រប់គ្រាន់នឹងដាក់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតនោះទេ ខណៈដែលព្រឹត្តិការណ៍នេះគេផ្តោតសំខាន់លើកីឡាពេញវ័យ ហើយកម្ពុជាមិនទាន់មានកម្រិតបច្ចេកទេសរីកចម្រើនចូលរួមប្រកួតបានឡើយត្បិតការប្រជែងមេដាយហាក់នូវមានគម្លាតឆ្ងាយពីប្រទេសចូលរួម ៕
អត្ថបទ៖ ប៉ាវ ជីងឡុង

 

មតិយោបល់