ជាង ៤០ប្រទេសនឹងចូលរួមព្រឹត្តិការណ៍ 5th Khmer Empire Full Marathon នៅសៀមរាប

នូ មករា July 10, 2018


ភ្នំពេញ៖ កាលពីព្រឹកមិញនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានប្រកាសថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៥ (5th Khmer Empire Full Marathon) ឆ្នាំនេះ មានអត្តពលិកចុះឈ្មោះចូលរួមប្រមាណជាង ១,៣០០នាក់ហើយ ដោយជាង ១,០០០នាក់ គឺជាភ្ញៀវបរទេស មកពីជាង ៤០ប្រទេស ខណៈចិនឈរលេខ១ សិង្ហបុរីលេខ២ និងជប៉ុនលេខ៣ ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា៖ «នេះជារដូវភ្លៀងដែលធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះ ហើយប្រជាពលរដ្ឋប្រកបរបអាជីវកម្មក៏រកចំណូលប្រចាំថ្ងៃធ្លាក់ចុះដែរ ។ ហេតុនេះ ទើបឯកឧត្តមបណ្ឌិត ថោង ខុន ផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះដើម្បីស្រូបយកភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គរ ក្នុងរដូវភ្លៀងធ្លាក់ ។ មួយវិញទៀតធ្វើឲ្យប្រជាពលរដ្ឋ រកប្រាក់ចំណូលបានច្រើន សម្រាប់ផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ ក៏ដូចជាចូលរួមផ្សព្វផ្សាយឲ្យបរទេសមកលេងប្រាសាទអង្គរវត្តកាន់តែច្រើនផងដែរ» ។
ព្រឹត្តិការណ៍នេះគឺមាន ៤វិញ្ញាសារួមមាន៖ រត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០ម៉ែត្រ និង ៣គីឡូម៉ែត្រ  ហើយទម្រាំដល់ថ្ងៃបិទបញ្ជីលោករំពឹងថា ចំនួនអ្នកចូលរួម នឹងកើនឡើងជាងឆ្នាំមុនពី ១០% ទៅ ១៥% គ្រាដែលកាលពីឆ្នាំ២០១៧ មានអត្តពលិកចូលរួមប្រមាណ ២,០៩០នាក់ ។ ជាមួយគ្នានេះដែរ គណៈកម្មការរៀបចំ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ រួសរាន់ចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ ដើម្បីជំរុញព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ ឆ្ពោះទៅរកភាពជោគជ័យ និងសម្រេចគោលដៅក្លាយជាប្រទេស Top-10 ក្នុងការរៀបចំព្រឹត្តិការណ៍ Full Marathon លើពិភពលោក ។ គួរបញ្ជាក់ផងដែរថា ការរៀបចំទិវារត់ប្រណាំង Full Marathon នេះ គឺផ្ដោតសំខាន់លើការទាក់ទាញភ្ញៀវទេសចរណ៍ និងភ្ជាប់ជាមួយការងារសប្បុរសធម៌ផងដែរ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់