កម្ពុជាឈ្នះត្រឹមមេដាយសំរឹទ្ធ ក្នុងការប្រកួតទាញព្រ័ត្រដណ្ដើមពានរង្វាន់វិទ្យាល័យនៅថៃ

នូ មករា July 3, 2018


ភ្នំពេញ៖ កាលពីចុងខែមិថុនាកន្លងទៅនេះ ក្រុមកីឡាទាញព្រ័ត្ររបស់កម្ពុជា បានប្រកួតឈ្នះមេដាយសំរឹទ្ធក្រោមអាយុ ១៧ឆ្នាំបុរស-នារីនៅប្រទេសថៃ ក្នុងព្រឹត្តិការណ៍កីឡាទាញព្រ័ត្រដណ្ដើមពានរង្វាន់វិទ្យាល័យលើកទី២ដែលបានធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដាកន្លងទៅថ្មីៗនេះ។
បើតាមការឱ្យដឹងពី កញ្ញា មាស តឿ ដែលជាមន្ត្រីសហព័ន្ធកាលពីព្រឹកមិញនេះបានឱ្យដឹងថា៖ “ជាលទ្ធផលក្នុងការប្រកួតជម្រុះម្ចាស់ផ្ទះថៃបានដាក់ក្រុមជាច្រើនចូលរួម ហើយក្រុមកីឡាករ-កីឡាការិនីកម្ពុជាធ្វើបានយ៉ាងល្អរហូតបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែគួរឲ្យស្ដាយក្រុមកីឡាទាញព្រ័ត្របុរស-នារីកម្ពុជាបានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ក្រោយប្រកួតចាញ់ក្រុមជម្រើសជាតិថៃហើយមានឱកាសត្រឹមប្រកួតដណ្ដើមយកលេខ៣ ពីក្រុមតំណាងក្លឹបថៃវិញប៉ុណ្ណោះ ។”
កញ្ញាបានបន្ថែមថា បេសកកម្មនេះកម្ពុជាបានបញ្ចូនក្រុមកីឡាទាញព្រ័ត្រក្មេងវត្តកំរៀងខេត្តបាត់ដំបងបុរស-នារីក្រោមអាយុ ១៧ឆ្នាំចំនួន ២ក្រុមទៅចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះដោយមានថៃធ្វើជាម្ចាស់ផ្ទះហើយក៏មានការចូលរួមពីក្រុមកីឡាទាញព្រ័ត្រឡាវ ២ក្រុមផងដែរ ។ គួរបញ្ជាក់ផងដែរថា ក្រុមកីឡាទាញព្រ័ត្រកម្ពុជានៅមានឱកាសសងសឹកជាថ្មី តាមការអញ្ជើញរបស់សមាគមកីឡាទាញព្រ័ត្រថៃដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ដូចគ្នានេះម្ដងទៀតនៅដើមខែសីហាខាងមុខ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់