ជើងខ្លាំងកីឡាស្នូកឃ័រ ស្រួង ភាវី ប្រាថ្នាចែកចំណេះដឹងនៅកម្ពុជា ខណៈប្រធាន NOCC ប្តេជ្ញារកអ្នកឧបត្ថម្ភ

នូ មករា July 3, 2018


ភ្នំពេញ៖ កាលពីព្រឹកមិញនេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអនុញ្ញាតឲ្យកីឡាការិនី ស្រួង ភាវីចូលជួបសម្ដែងការគួរសម និងសំណេះសំណាលពីការអភិវឌ្ឍន៍ប្រភេទកីឡាស្នូកឃ័រនេះនៅមុនអ្នកស្រីវិលត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញនារាត្រីថ្ងៃពុធស្អែកនេះ ។ លោក ថោង ខុន បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេស លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានខ្នះខ្នែងជំរុញឲ្យ ស្រួង ភាវី បានមកកម្ពុជាដើម្បីមានឱកាសរួមចំណែកបង្កើតសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាឡើង ។
   
មិនតែប៉ុណ្ណោះ ក្នុងនាមជាប្រធាន NOCC បានប្ដេជ្ញាគៀងគរស្វែងរកការឧបត្ថម្ភ ដើម្បីផ្ដល់ឱកាសឲ្យកីឡាការិនីឆ្នើមរូបនេះ មកកម្ពុជាបានញឹកញាប់ ដើម្បីចែករំលែកបទពិសោធន៍ដល់កីឡាករ-កីឡាការិនីផ្សេងៗនៅកម្ពុជា ដើម្បីជំរុញប្រភេទកីឡា ទើបបង្កើតសហព័ន្ធថ្មីនេះឲ្យរីកចម្រើនខ្លាំងនាពេលអនាគត ។ សូមបញ្ជាក់ថា ស្រួង ភាវី គឺជាស្ដ្រីខ្មែរដ៏ឆ្នើម និងដណ្ដើមបានពានជើងឯក និងជើងឯករងជាង ៣០គ្រឿងនៅប្រទេសកូរ៉េ ពិសេសកីឡាការិនីដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំនេះក៏ធ្លាប់ឈ្នះជើងឯករងពិភពលោក នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៥ ទៀតផង ។
 
ដោយមើលឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់ ភាវី ប្រទេសកូរ៉េខាងត្បូងបានស្នើស្ត្រីរូបនេះចូលសញ្ជាតិខ្លួនតែម្តង ប៉ុន្តែអ្នកស្រីបដិសេធព្រោះចង់លេងឲ្យកម្ពុជាតែមួយគត់ ។ តាមរយៈការបង្ហាញស្មារតីស្នេហាជាតិ ដ៏គួរឲ្យគោរពនេះ លោកបណ្ឌិត ថោង ខុន ក៏បានចេញលិខិតសរសើរមួយដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ ស្រួង ភាវី ទៀតផង ។
 
ជាមួយនឹងការប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈនេះត្រូវបានប្រធាន NOCC ចាត់ទុកថាគឺជាសំណាងរបស់កម្ពុជាដែលមានកីឡាការិនីមានសមត្ថភាព និងទេពកោសល្យ ពិសេសគឺមានមនសិការស្នេហាជាតិបែបនេះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់