តេក្វាន់ដូ ITF កម្ពុជានឹងចូលរួមប្រកួតជើងឯកយុវជន និង វ័យចំណាស់កម្រិតពិភពលោក

នូ មករា July 3, 2018


ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF (International Taekwondo Federation) កម្ពុជានឹងចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសបេឡារុសនាខែសីហាខាងមុខនេះ ។ លោក ប៊ួន ហ៊ីងសុធីយ៉ា ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វបានឲ្យដឹងថាការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែសីហានៅទីក្រុង MINSK នៃប្រទេសបេឡារុស ។ ព្រឹត្តិការណ៍នេះអាចនឹងមានប្រទេសចូលរួមចំនួនពី ៧០ទៅ៨០ចូលរួមព្រោះជាការប្រកួតកម្រិតពិភពលោក ។ សម្រាប់កម្ពុជានឹងបញ្ជូនវ័យយុវជនចំនួន៧រូប និងវ័យចំណាស់អាចចំនួន៤រូបទៅចូលរួមប្រកួត ។
លោកអគ្គលេខាធិការបានបញ្ជាក់ថា លោកអាចនឹងចូលរួមប្រកួតដែរដោយប្រកួតក្នុងវ័យចាស់ប៉ុន្តែលោកត្រូវពិនិត្យមើលឆ្អឹងដៃរបស់លោកដែលបាក់កន្លងមកនោះសិនថា តើលោកអាចប្រកួតបានឬទេ? ប្រសិនបើប្រកួតបានលោកនឹងប្រកួតលើវិញ្ញាសាប្រយុទ្ធ និងមេគុន ។ លោកអគ្គលេខាធិការ បន្ថែមថាមូលហេតុដែលលោកចង់ចូលរួមប្រកួតព្រោះលោកចង់ដឹងថាតើសមត្ថភាព និងកម្លាំងរបស់លោកពេលនេះ និងកាលពីលោកនៅក្មេងវាប្រែប្រួលបែបណា? ។
សូមបញ្ជាក់ថា សម្រាប់ក្រុមកម្ពុជាបានត្រៀមខ្លួនរួចហើយដើម្បីប្រកួតលើវិញ្ញាសាប្រយុទ្ធមេគុន, ការបង្ហាញបច្ចេកទេសពិសេស, វិញ្ញាសាប្រយុទ្ធជាក្រុម, បច្ចេកទេសពិសេសជាក្រុម និងការបង្ហាញពីបច្ចេកទេសការពារខ្លួន ។ នេះក៏ជាការប្រកួតជើងឯកពិភពលោកលើកទី១៣ ប៉ុន្តែកម្ពុជាទើបតែទៅចូលរួមបាន២លើកប៉ុណ្ណោះដែលលើកទី១ ធ្វើនៅប្រទេសកូរ៉េខាងជើងហើយកាលនោះកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ។ សម្រាប់លើកទី២នេះកម្ពុជានៅតែមានសង្ឃឹមក្នុងការដណ្ដើមបានមេដាយដដែល ។ គ្រូបង្វឹក៤រូបដែលអមដំណើរកីឡាករទៅចូលរួមប្រកួតនេះមានគ្រូជនជាតិកូរេខាងជើង Re Cho Nam, លោក កៅ មករា, លោកប៉ាល់ ជីវ័ន្ដ និង លោកប៊ូន ហ៊ីងសុធីយ៉ា នេះឯង ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់