ប្រធានសហព័ន្ធស្នូកឃ័រ៖ កម្ពុជាមានធនធាន និងថ្នាលយុវជនគ្រប់គ្រាន់សម្រាប់អភិវឌ្ឍវិស័យកីឡានេះ!

នូ មករា June 29, 2018


ភ្នំពេញ៖ បន្ទាប់ពីកីឡាការិនីឆ្នើមផ្នែកស្នូឃ័រ ស្រួង ភាវី បានតំណាងឱ្យកម្ពុជាដោយឈ្នះសឹងគ្រប់ការប្រកួតនៅលើឆាកអន្តរជាតិនោះ កម្ពុជាបានសម្រេចបង្កើតជាសហព័ន្ធផ្លូវការមួយកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា នេះបន្ទាប់ពីឃើញមានធនធានមនុស្ស និងថ្នាលជាច្រើនដែលអាចធ្វើឱ្យវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រ អាចរីកចម្រើនក្នុងរយៈពេលខ្លីខាងមុខនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាអាណត្តិតទី១ ។
ការប្រកាសសុពលភាពបង្កើតសហព័ន្ធអាណត្តិទី១ ជាផ្លូវការបានធ្វើឡើងនាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រោមវត្តមានជាសាក្សីពីសំណាក់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ឯកឧត្តម ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា អាណត្តិតទី១ បានមានប្រសាសន៍ថា ដោយសារកម្ពុជាមានធនធានមនុស្ស និងថ្នាលយុវជនគ្រប់គ្រាន់ កម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍវិស័យកីឡានេះឲ្យមានការរីកចម្រើនក្នុងរយៈពេលខ្លីណាមួយ ពិសេសដោយមានការរួមចំណែកយ៉ាងសំខាន់របស់កីឡាករឆ្នើម ស្រួង ភាវី ដែលមានបទពិសោធន៍ជោគជាំក្នុងការប្រកួតលើឆាកអន្ដរជាតិនឹងធ្វើឲ្យកីឡាករ-កីឡាការិនីកម្ពុជាកាន់តែមានទំនុកចិត្តក្នុងការអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែរីកចម្រើន ។
លោកបានបន្តថា៖ “ចំពោះរចនាសម្ព័ន្ធ និងសក្ដានុពលកីឡាស្នូកឃ័រកម្ពុជា យើងរំពឹងទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតលើឆាកអន្ដរជាតិនាពេលអនាគត ” ។ ជាមួយគ្នានេះដែរ អគ្គលេខាធិការសហព័ន្ធ លោក មួន ម៉ារ៉ាបានឱ្យដឹងថា ផែនការចំពោះមុខ គឺសហព័ន្ធនឹងមានរៀបចំការប្រកួតជាច្រើនដើម្បីផ្ដល់ឱកាសឲ្យមានការប្រកួតប្រជែង និងវាស់ស្ទង់សមត្ថភាព ។ បន្ថែមលើនេះ សហព័ន្ធនឹងរៀបចំបន្ថែមនូវតាបសម្រាប់ប្រកួតតាមក្លឹបនីមួយៗ និងរៀបចំវិញ្ញាសាថ្មីដែលជាជំនាញរបស់កីឡាការិនី ស្រួង ភាវី ដើម្បីជំរុញឲ្យការលេងកីឡាស្នូកឃ័រនៅកម្ពុជាកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ ។
 
គួរបញ្ជាក់ផងដែរថា សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាអាណត្តិទី១ ដែលត្រៀមប្រកាសសុពលភាពផ្លូវការក្នុងពេលឆាប់ៗខាងមុខវិញរួមមានឯកឧត្តម ជុំ កុសល ជាប្រធាន ខណៈឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាអនុប្រធាន, លោកឧកញ៉ា សៅ វល័ក្ខណ៍ អនុប្រធាន, លោក ម៉ារ៉ា សុជាតិ ឬ មួន ម៉ារា អគ្គលេខាធិការ, លោក សុខ ទី អគ្គហិរញ្ញិក, លោក យឺន ពន្លក អគ្គលេខាធិការរង ។ រីឯសមាជិកមាន ៧នាក់ រួមមានលោកស្រី ស្រួង ភាវី, លោកមេធាវី ភិន ឈុនទៀង, លោក ឆាយ បញ្ញា, លោក នួន រតនៈ, លោក ជា វ៉ាន់សាន្ត, លោក សែម សុវ័ន និងលោក ភួង សំអុន ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់