អគ្គលេខាធិការកាយសម្ព័ន្ធជួបរឿងខកចិត្ត ខណៈត្រៀមបញ្ជូនអត្តពលិកទៅហាត់នៅចិន

នូ មករា June 27, 2018


អគ្គលេខាធិការសហព័ន្ធកាយសម្ព័ន្ធ ខក ចិត្ត
ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានការខកចិត្តជាខ្លាំង ខណៈ
ដែលលោកមានគម្រោងបញ្ជូនកីឡាកាយសម្ព័ន្ធអាកទីស្ទិក (Artistic) ២នាក់ទៅហ្វឹកហាត់នៅប្រទេសចិនប៉ុន្តែបែរជាកីឡាករមួយរូបមានបញ្ហាជង្គង់មិនអាចចេញទៅហ្វឹកហាត់បានឡើយ ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ី (ASIAN Games) នៅប្រទេសឥណ្ឌូនេស៊ីនាខែសីហាខាងមុខនេះ
កាយសម្ព័ន្ធត្រៀមបញ្ជូនកីឡាករផ្នែកអាកទីស្ទីកចំនួន២រូបគឺកីឡាករ ឈឿន សុខដែន និង កីឡាករ ឆយ រដ្ឋា ទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលមួយខែ ។ ពេលនេះកីឡាករ ឆយ រដ្ឋា មានបញ្ហាជង្គង់មិនអាចចេញទៅហាត់បាន ។ ទោះជាយ៉ាងនេះក៏ដោយក៏លោកនៅតែបញ្ចូនកីឡាករ ឈឿន សុខដែន ឲ្យចេញទៅហាត់នៅប្រទេសចិនតែម្នាក់ឯងដែរ ។  ជាមួយគ្នានេះ លោកទទួលស្គាល់ថា ការចូលរួមប្រកួតកីឡាអាស៊ីកម្ពុជាមិនមានសង្ឃឹមដណ្ដើមបានមេដាយឡើយតែវាជាឱកាសពិសេសមួយសម្រាប់កម្ពុជាសាកល្បងនូវសមត្ថភាពរបស់ខ្លួនដើម្បីឲ្យដឹងថាតើកម្រិតសមត្ថភាពរបស់ខ្លួនស្ថិតនៅត្រឹមណា ។

សូមបញ្ជាក់ថា ឈឿន សុខដែន នឹងធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសចិននៅថ្ងៃទី៣ ខែកក្កដាហើយត្រឡប់មកវិញនៅថ្ងៃទី១១ ខែសីហា ។ បន្ទាប់ពីមកដល់ស្រុកខ្មែររូបគេនឹងចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីដែលជាកន្លែងប្រកួតកីឡាអាស៊ីតែម្ដង ។

សម្រាប់ទ្វីបអាស៊ីប្រទេសដែលជាមហាអំណាចនៃកីឡាកាយសម្ព័ន្ធមាន ចិន កូរ៉េ និង ជប៉ុន ។ ការបញ្ជូនកីឡាករ
ទៅហាត់នៅប្រទេសចិននេះគឺជាការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមលើកទី៣០ឆ្នាំ២០២៩នៅប្រទេសហ្វីលីពីនផងដែរ ។  លោកអគ្គលេខាធិការបានពន្យល់ថា អាកទីស្ទីកបើមានរបួស ឬ ឈឺសន្លាក់ណាមួយត្រូវតែព្យាបាលឲ្យជាទើបអាចហ្វឹកហាត់បានទៀត ហើយការចេញទៅហាត់នៅប្រទេសចិននេះមិនមែនជាការចេញទៅកំសាន្ដសប្បាយនោះទេតែជាការទទួលយកការងារធ្ងន់ធ្ងរមួយនោះគឺការហ្វឹកហាត់ជាមួយគ្រូចិនដែលការហ្វឹកហាត់នោះតឹងតែងណាស់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់