ម្ចាស់ផ្ទះកម្ពុជាត្រៀមថវិកា ១៥ម៉ឺនដុល្លារក្នុងព្រឹត្តិការណ៍ជើងឯកកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៥

នូ មករា June 27, 2018


សៀមរា៖ នេះគឺជាលើកទី១ហើយ ដែលកម្ពុជាទទួលបានសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី១៥ នៅលើទឹកដីខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ធំនៅក្នុងប្រទេស ខណៈដែលតាមគម្រោងចំណាយក្នុងការរៀបចំព្រឹត្តិការណ៍នេះ កម្ពុជាបានត្រៀមថវិកាជាង១៥ម៉ឺនដុល្លារអាមេរិកសម្រាប់ទប់ទល់ក្នុងនាមជាម្ចាស់ផ្ទះ។


ការប្រកួតនេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដោយមានកីឡាករ កីឡាការិនីពីប្រទេស៨នៅតំបន់អាស៊ានរាប់បញ្ចូលទាំងកម្ពុជាជាម្ចាស់ផ្ទះផងត្រូវបង្អួតសាច់ដុំដាក់គ្នាដើម្បីប្រជែងរកមេដាយមាស ប្រាក់ និងសំរឹទ្ធ ទាំង២០គ្រឿង។

លោក រស្មី សុខមង្គល ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគ្រោងចំណាយអស់រហូតទៅដល់១៥ម៉ឺនដុល្លារ ខណៈដែលមានសប្បុរសជនមួយចំនួនបានចូលរួមឧបត្ថម្ភជាង៤ម៉ឺនដុល្លារ និងមានបណ្ដាក្រុមហ៊ុនឯកជនធំៗដូចជា Grand Ibis, MFIT ព្រមទាំងការជួយជាបច្ចេកទេសខ្លះៗពី សហព័ន្ធកីឡាកាយវប្បកម្មពិភពលោក ។ លោកបានសង្កត់ធ្ងន់ថា បើសិនជាគ្មានអ្នកឧបត្ថម្ភពីវិស័យឯកជន ផ្សេងទេនោះព្រឹត្តិការណ៍នេះក៏មិនអាចដំណើរការទៅរួចដែរ ។

លោក សុខមង្គល បានបន្តថា៖ «ព្រឹត្តិការណ៍នេះគឺខ្ញុំចង់បង្ហាញឱ្យពិភពលោកបានដឹងថា កម្ពុជា ក៏ជាប្រទេសមួយដែលអាចរៀបចំព្រឹត្តិការណ៍ជាការប្រកួតប្រជែង ជាអន្តរជាតិបាន ហើយក៏មានកីឡាករ កីឡាការិនី ដែលអាចយកមេដាយបានមិនចាញ់បរទេសប៉ុន្មាននោះទេ ពោលគឺយើងមានឱកាសឈ្នះមេដាយយ៉ាងហោចណាស់៨គ្រឿងនៅក្នុងចំណោមវិញ្ញាសាទាំង២០នៅក្នុងការប្រកួតដ៏ធំនេះ» ។


ជាមួយគ្នានេះដែរ  លោក  ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានមានប្រសាសន៍ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅទេសចរណ៍កីឡាមួយ ព្រោះវិស័យកីឡានៅកម្ពុជាគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់យើងហើយសង្ឃឹមថាព្រឹត្តិការណ៍ប្រកួតដែលរៀបចំនៅក្នុងទឹកដីអង្គរខេត្តសៀមរាបនេះនឹងអាចបង្កើននូវការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាប្រទេសកម្ពុជាបានកាន់តែច្រើនឡើងៗ។


គួរបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់ការប្រកួតនេះទៅ កម្ពុជាមានគម្រោងរៀបចំធ្វើម្ចាស់ផ្ទះខ្នាតអន្តរជាតិនេះម្ដងទៀតនៅក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះថា Asian Championships 2019 ហើយគោលដៅចុងក្រោយបំផុតរបស់កម្ពុជាគឺការចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ 2023 ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះតែម្តង ៕ អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់