ប៉េតង់កម្ពុជា ត្រៀមបញ្ជូនអត្តពលិកទៅប្រកួតជើងឯកអាស៊ីផ្នែកនារី និងយុវជន នៅម៉ាឡេស៊ី

នូ មករា June 26, 2018


ភ្នំពេញ៖ ក្នុងដំណើរត្រៀមចូលរួមប្រកួតកីឡាប៉េតង់ លក្ខណៈអន្តរជាតិជាច្រើននៅក្នុងឆ្នាំនេះ សហព័ន្ធកីឡាកីឡាប៉ូល និងប៉េតង់កម្ពុជា បានកំណត់ផែនការហ្វឹកហាត់របស់ខ្លួនយ៉ាងចិត្តទុកដាក់ដើម្បីជំរុញការអភិវឌ្ឍ សមត្ថភាពអត្តពលិកប៉េតង់កម្ពុជា ដោយត្រៀមនឹងបញ្ចូនកីឡាករ កីឡាការិនី ៨នាក់ទៅប្រកួតជើងឯកអាស៊ីផ្នែកនារី និងយុវជននៅប្រទេសម៉ាឡេសុី ។


លោក សុខ ម៉ុង គ្រូបង្វឹកក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជាបានឲ្យដឹងថា កីឡាករ-កីឡាការិនីបានពង្រឹងការហ្វឹកហាត់កាន់តែខ្លាំងដើម្បីត្រៀមយុទ្ធនាការប្រកួតដណ្ដើមមេដាយជូនជាតិ ខណៈការប្រកួតនឹងចាប់ផ្ដើមនាអំឡុងខែកក្កដាខាងមុខរហូតដល់ចុងឆ្នាំ២០១៨ តែម្ដង។ ចំពោះបេសកកម្មដំបូងគេរបស់កម្ពុជា គឺការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីផ្នែកនារី និងយុវជន នៅម៉ាឡេស៊ីដោយព្រឹត្តិការណ៍នេះ សហព័ន្ធបានត្រៀមកីឡាការិនី ៤នាក់ និងកីឡាករយុវជន ៤នាក់ សម្រាប់ប្រកួតប្រជែងជាមួយបណ្ដាប្រទេសដទៃ ។

លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីព្រឹត្តិការណ៍ប៉េតង់ជ្រើសរើសជើងឯកអាស៊ីផ្នែកនារី និងយុវជននៅម៉ាឡេស៊ីចប់ទៅ កម្ពុជានឹងបន្តចូលរួមប្រកួតនៅក្នុង ព្រឹត្តិការណ៍សំខាន់ៗ ផ្សេងទៀតដូចជាការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីផ្នែកនារី និងយុវជន នៅម៉ាឡេស៊ី, ការប្រកួតជ្រើសរើសជើងឯកអាស៊ីផ្នែកបុរស-នារី នៅប្រទេសឥណ្ឌា, ការប្រកួតជើងឯកពិភពលោកផ្នែកបុរស នៅកាណាដា, ការប្រកួតពានរង្វាន់ Master Cup នៅប្រទេសបារាំង និងការប្រកួតកីឡា សិស្ស-និស្សិត នៅប្រទេសឥណ្ឌូនេសុីនាចុងឆ្នាំនេះ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់