ខេត្តបុរីរម្យ អតីតទឹកដីខ្មែរក្លាយជាទីក្រុងកីឡាចំណាត់ថ្នាក់លេខ១ ប្រចាំប្រទេសថៃ!

នូ មករា June 22, 2018


ថៃ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ Buriram United ដែលជាក្លឹបបាល់ទាត់ឈានមុខគេមួយរបស់ថៃ បានឱ្យដឹងនារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះថា បន្ទាប់ពីបានឆ្លងកាត់ការបោះឆ្នោតពីមហាជនថៃរួចមកជាលទ្ធផល ខេត្ត Buriram ឬបុរីរម្យ ដែលជាអតីតទឹកដីរបស់ខ្មែរសម័យបូរាណបានជាប់ជាទីក្រុងកីឡា (Sports City) ចំណាត់ថ្នាក់ទី១ របស់ប្រទេសថៃជាមួយនឹងសំឡេងឆ្នោតសរុប ៥២.៨ភាគរយ ។

សូមបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តដល់បណ្តាខេត្តទូទាំងប្រទេស ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានរៀបចំកម្មវិធីបោះឆ្នោតប្រចាំឆ្នាំមួយដែលប្រជាជនគ្រប់ៗរូបអាចចូលរួមបោះឆ្នោតដល់ខេត្ត ក្រុងនានាដែលមានសកម្មភាពផុសផុលជាងគេក្នុងវិស័យកីឡាជាមួយនឹងគោលដៅលើកកម្ពស់ឧស្សាហកម្មកីឡា (Sports Industry) និងទេសចរណ៍កីឡា (Sports Tourism) ដែលបម្រើដល់សេដ្ឋកិច្ចជាតិនោះ ។

គួរបញ្ជាក់ដែរថា បូរីរម្យ ឬ Buriram គឺជាខេត្តដ៏ធំមួយរបស់ប្រទេសថៃដែលមានចម្ងាយប្រមាណជា ៤១០គីឡូម៉ែត្រពីរាជធានីបាងកក និងមានប្រជាជនជាង​១លាននាក់ ។ ដែនដីបូរាណមួយនេះមានភាពល្បីល្បាញដោយសារមានប្រាសាទភ្នំរូងដ៏ស្រស់ស្អាតដែលជាមរតកដូនតាខ្មែរនាសម័យអង្គរ ព្រមទាំងទីលានកីឡាដ៏ធំ (Change Arena) ដែលមានទាំងទីលានប្រណាំងរថយន្ត និងជាមូលដ្ឋានរបស់ក្លឹបបាល់ទាត់ Buriram United ផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់