កម្ពុជានឹងបញ្ជូនកីឡាករ-កីឡាការិនីវ៉ូវីណាម ២២នាក់ទៅប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅមីយ៉ាន់ម៉ា

នូ មករា June 21, 2018


 ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាប្រកាសហើយថានឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួន២២នាក់ទៅចូលរួមព្រឹត្តិការណ៍ប្រកួតវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសមីយ៉ាន់ម៉ាដែលនឹងចាប់ផ្តើពីថ្ងៃទី២៧ ដល់៣១ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ។
កីឡាការិនី និងជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី បានប្រាប់ឲ្យដឹងថា សហព័ន្ធត្រៀមបញ្ជូនចំនួន២២រូប និងគ្រូបង្វឹក៣រូបទៀត គឺគ្រូជនជាតិវៀតណាម Nguyen van Cuong, ឯម សុធារត្ន័ និងគ្រូទេព ជីវសុខុម ព្រមទាំង, លោក លី ពិជ័យ គឺជាគណៈប្រតិភូដឹកនាំ។
ការប្រកួតនោះមាន២៨វិញ្ញាសាក្នុងនោះមានវិញ្ញាសាប្រយុទ្ធមានចំនួន១១ប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងមេគុនមានចំនួន១៧ប្រភេទ ។ កីឡាការិនីរូបនេះបានបន្តថា វិញ្ញាសាប្រយុទ្ធមានចំនួន១១ប្រភេទទម្ងន់គេបែងចែកចេញជា២ផ្នែកទៀត គឺវិញ្ញាសាប្រយុទ្ធបុរសមានចំនួន៦ប្រភេទទម្ងន់ គឺ៥៤ គ.ក្រ, ៥៧ គ.ក្រ, ៦០គ.ក្រ, ៦៤ គ.ក្រ, ៦៨ គ.ក្រ និង៧០គ.ក្រ ចំពោះវិញ្ញាសាប្រយុទ្ធនារីវិញមានចំនួន៥ប្រភេទទម្ងន់គឺ ៤២គ.ក្រ, ៤៥គ.ក្រ, ៤៨គ.ក្រ, ៥១គ.ក្រ និង៥៤គ.ក្រ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់