គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បើកវគ្គរដ្ឋបាលកីឡានៅខេត្តព្រៃវែង

នូ មករា June 21, 2018


ភ្នំពេញ៖ ក្រោមការឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបើកវគ្គរដ្ឋបាលកីឡាមួយដែលមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២០ដល់២៣នៅខេត្តព្រៃវែង ។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២៤រូបក្នុងនោះ៤រូបជានារីដែលសុទ្ធតែជាមន្ត្រីដែលកំពុងបម្រើការងារលើវិស័យកីឡា ជាគ្រូអប់រំកាយ និងកីឡាជាគ្រូកីឡាតាមសាលារៀន ។
 
ចំពោះវាគ្មិនដែលចូលរួមឧទ្ទេសនាមក្នុងវគ្គនេះមាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលលោកនឹងធ្វើបទបង្ហាញពីប្រវត្តិនៃចលនាអូឡាំពិក និងរចនាសម្ព័ន្ធអូឡាំពិក, ប្រវត្តិអង្គការសាមគ្គីអូឡាំពិក, ផែនការកម្មវិធីហ្វឹកហាត់, ផែនការនៃការធ្វើដំណើររបស់ប្រតិភូកីឡា និងភាពជាអ្នកដឹកនាំ ។
លោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលជាប្រធានអនុគណៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទបង្ហាញពីរបបអាហារ និងភេសជ្ជៈសម្រាប់កីឡាករ-កីឡាការិនី ការត្រួតពិនិត្យដូពីង (សារធាតុលើកកម្លាំង ដែលហាមមិនឲ្យប្រើប្រាស់ក្នុងកីឡា) ការបញ្ជាក់ភេទ, ការសង្គ្រោះបឋម និងវេជ្ជសាស្រ្តកីឡា ។ លោក កែវ សារ៉េត នាយកសាលាបាល់ទាត់បាទីធ្វើបទបង្ហាញពីការលេងដោយយុត្តិធម៌ ការកំណត់និស្ស័យរបស់កីឡាករ-កីឡាការិនី ការអភិវឌ្ឍន៍គ្រូបង្វឹក ការអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ និង ការដោះស្រាយបញ្ហា ។ ជាមួយគ្នានេះ លោក បឹង គឹមតោ អនុប្រធាននាយកដ្ឋានងប់រំកាយ និងកីឡា ក៏បានធ្វើបទបង្ហាញពីរបៀបធ្វើការជាមួយអ្នកស្ម័គ្រចិត្ត ការទំនាក់ទំនង ការរៀបចំព្រឹត្តិការណ៍កីឡា ស្រ្តី និង កីឡា និងរបៀបរៀបចំអង្គប្រជុំផងដែរ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់