កម្ពុជាគាំទ្របើសិនកីឡាការិនីខ្មែរនៅអាមេរិក Roth Sokunthea Sam មកចូលរួមជាមួយក្រុមជម្រើសជាតិ

នូ មករា June 20, 2018


ភ្នំពេញ៖ កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគាំទ្រចំពោះកីឡាការិនីរត់ប្រណាំងផ្នែកអត្តពលកម្ម Roth Sokunthea Sam ដែលជាកូនខ្មែរនៅអាមេរិកដោយបានលើកទឹកចិត្តដល់រូបនាងឱ្យមកចូលរួមលេងតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិនាពេលអនាគតជាពិសេស ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ ។
កីឡាការិនីរូបនេះមានអាយុ ២០ ឆ្នាំហើយមានឱពុកម្តាយមានដើមកំណើតនៅខ្មែរដោយបច្ចុប្បន្ននាងកំពុងសិក្សាផ្នែកពាណិជ្ជកម្មឆ្នាំទី៣ នៅសាកលវិទ្យាល័យ Califonia State University, Northridge។ ជាមួយគ្នានេះ Roth Sokunthea កំពុងតែហ្វឹកហាត់ និងលេងកីឡាវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រដោយទទួលបានលទ្ធផលល្អគួរកត់សម្គាល់ទៀតផង។ លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តខ្លាំង ចំពោះវត្តមានរបស់អត្តពលិកពូកែល្អៗមួយចំនួននៅក្រៅប្រទេសមានដើមកំណើតខ្មែរ ដែលស្ម័គ្រចិត្តចូលហ្វឹកហាត់ និងប្រកួតតំណាងឲ្យខ្មែរ ព្រោះនេះជាគោលនយោបាយកីឡាបើកទូលាយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធ្វើឲ្យវិស័យកីឡាយើងទទួលបានការរីកចម្រើនទាន់ប្រទេសជឿនលឿន»។
 
លោកបានបន្ថែមថា៖ «សម្រាប់អត្តពលិកដែលនៅក្រៅប្រទេសមិនចាំបាច់មកប្រមូលផ្តុំនៅក្រុមជម្រើសជាតិក្នុងប្រទេសនោះទេ គឺអាចហ្វឹកហាត់នៅប្រទេសដែលខ្លួនរស់នៅជាមួយគ្រូបង្វឹករបស់ខ្លួនដោយគ្រាន់តែផ្ញើនូវសមត្ថភាព ឬកម្រិតបច្ចេកទេសមក គឺយើងទទួលបានសម្រាប់ជ្រើសរើសទៅចូលរួមប្រកួតថ្នាក់អន្តរជាតិនានាបាន»។ លោក ផៃ សុខ  គ្រូបង្វឹកជម្រើសជាតិកីឡាអត្តពលកម្មបានប្រាប់ថា៖«ក្មេងស្រី( Roth Sokunthea) អាយុប៉ុណ្ណឹង ហើយធ្វើបានក្នុងថិរវេលា ១២.០៥ វិនាទី ក្នុងចម្ងាយ១០០ ម៉ែត្រ គឺល្អណាស់ អាចនឹងបង្វឹកទៅគឺធានាយកមេដាយក្នុងចំណាត់ថ្នាក់អាស៊ានចំនួន១១ប្រទេសបាន»។
លោកបានបន្ថែមថា៖ «ធនធានកីឡាការិនី Roth Sokunthea Sam នេះ អាចចាត់ទុកថាល្អ និងធានាបានមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅខែតុលា ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនបើសិនខំហ្វឹកហាត់ពីឥឡូវនេះទៅ»។ លោកបានបញ្ជាក់ថា នៅក្នុងកម្រិតអាស៊ានចុងក្រោយនៅម៉ាឡេស៊ីកន្លងមក គឺចំណាត់ថ្នាក់មេដាយមាសលើការរត់ល្បឿន ១០០ ម៉ែត្រមានថិរវេលា ១១.៣៥ វិនាទី ហើយមេដាយប្រាក់ប្រើពេល ១១.៤០ វិនាទី ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់