រកឃើញហើយជើងខ្លាំងអុកចត្រង្គ១៦រូបសម្រាប់បញ្ចូលទៅក្នុងក្រុមជម្រើសជាតិ

នូ មករា June 21, 2018


ភ្នំពេញ៖ បន្ទាប់ពីប្រកួតរយៈពេល២ថ្ងៃ (ពីថ្ងៃទី២០-២១ ខែមិថុនា) រួចមកនោះគេបានរកឃើញជើងខ្លាំងអុកចត្រង្គ ១៦រូបសម្រាប់បញ្ចូលទៅក្នុងក្រុមជម្រើសជាតិដើម្បីធ្វើការប្រមូលផ្ដុំនាឆ្នាំ២០១៩ ហើយ ។ នៅក្នុងការប្រកួតនេះមានអ្នកខ្លាំងៗដោយមានទាំងស្ដេចអុក, អតីតស្ដេចអុក, ជើងឯករង និងអ្នកខ្លាំងៗមកពីទូទាំងប្រទេសចំនួន ៤៨នាក់មកចូលរួម ។ ការប្រកួតចែកចេញជា ៨ ពូលដោយមួយពូលៗមានកីឡាករ ៦រូប ។ នៅក្នុងពូលនីមួយៗកីឡាករមួយរូបៗត្រូវលេង៥ ប្រកួត(៥ក្ដារ )ដែលមួយក្ដារៗមានរយៈពេលអតិបរមាមួយម៉ោង ។ សម្រាប់អ្នកប្រកួតឈ្នះបានមួយពិន្ទុ ស្មើបានកន្លះពិន្ទុ និងចាញ់បានសូន្យពិន្ទុ ។ ការប្រកួតនេះបន្ទាប់ពីកីឡាករមួយរូបក្នុងពូលនីមួយៗលេងបាន ៥ក្ដារហើយនោះគណៈកម្មការនឹងធ្វើការបូកពិន្ទុ ។ កីឡាករ២រូបនៃពូលនីមួយៗ ដែលមានពិន្ទុលើគេនោះនឹងក្លាយជាកីឡាករជម្រើសជាតិតែម្តង ។

 

បន្ទាប់ពីការប្រកួតដ៏តឹងតែងរយៈពេល២ថ្ងៃមកនោះជើងខ្លាំង១៦រូបត្រូវបានរកឃើញដែលក្នុងនោះមាន១០ រូបនៅរាជធានីភ្នំពេញគឺ ឆយ វីរ៉ា ស្ដេចអុកឆ្នាំ២០១០, សុខ លឹមហេងស្ដេចអុកឆ្នាំ២០១៨, ប៊ូ ប៉ុណ្ណម៉ានីកា, រស់ រិទ្ធិយ៉ា, រៀម វាសនា, ឃី ចំរើន, នូ ច័ន្ទផានិត, ម៉េង សេរីសម្បត្តិ, ឈិន សំណាង និង ម៉ាត់ សេន ។ សូមបញ្ជាក់ថា ស្ដេចអុក ២ ជំនាន់គឺឆ្នាំ២០១៤ និង ២០១៥ ឈាវ បូរ៉ា មិនបានជាប់ក្នុងក្រុម១៦រូបនេះឡើយ ។ ចំនែក ហេង សៅឌី ស្ដេចអុកឆ្នាំ២០១៧ និង ហូយ សូណា ស្ដេចអុកឆ្នាំ២០១៦ ក៏ធ្លាក់មិនបានជាប់ជាកីឡាជម្រើសជាតិដែរ ។ ក្នុងចំណោម១៦រូបនេះខេត្តកំពតមានមួយរូបគឺ សុខ សំបូរ, ខេត្តពោធិ៍សាត់មួយរូបគឺ ឡៅ លីម៉េន, ខេត្តប៉ៃលិនមួយរូបគឺ លឹម ផល្លា, ខេត្តតាកែវ ២ រូបគឺឈ្មោះ ទេស សារ៉ាវី និង ស៊ីវ ស៊ីន និងខេត្តព្រះសីហនុមួយរូបគឺឈ្មោះ ឃីម ឃីម ។
លោក គ្រួច ចន្ថារិទ្ធ ដែលជាគ្រូបង្ហាត់អុកចត្រង្គជម្រើសជាតិបាននិយាយថា អ្នកខ្លាំងទាំង១៦រូបនេះ ឆ្នាំក្រោយសហព័ន្ធនឹងសុំទៅក្រសួងអប់រំយុវជន និងកីឡាដើម្បីប្រមូលផ្ដុំបំប៉នដើម្បីហ្វឹកហាត់ ។ ពេលនេះសហព័ន្ធបានប្ដេជ្ញាហើយថាឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នោះប្រភេទកីឡាអុកចត្រង្គនេះនឹងត្រូវបញ្ចូលទៅក្នុងកម្មវិធីប្រកួត ខណៈដែលច្បាប់ ឬ បទបញ្ជាប្រកួតសហព័ន្ធបានចងក្រងរួចរាល់អស់ហើយពេលនេះសហព័ន្ធកំពុងតែរៀបចំដើម្បីបញ្ជូនគ្រូឲ្យចេញទៅបង្ហាត់បណ្ដាប្រទេសនានាក្នុងតំបន់ផងដែរ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់