ព្រឹត្តិការណ៍ជើងឯកកីឡាទាញព្រ័ត្រទូទាំងប្រទេសនឹងចាប់ផ្ដើមនៅខែកក្កដាខាងមុខនេះ

នូ មករា June 14, 2018


ភ្នំពេញ៖ កាលពីថ្ងៃអង្គារ៍កន្លងទៅថ្មីៗនេះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានចេញសេចក្ដីប្រកាសទទួលពាក្យរបស់ក្លឹប និងសមាគមនដែលជាសមាជិកឲ្យរួសរាន់មកដាក់ពាក្យស្នើរសុំចូលរួមប្រកួតជើងឯកទាញព្រ័ត្រទូទាំងប្រទេសឆ្នាំ២០១៨ ក្នុងគោលបំណងចម្រាញ់ជ្រើសរើសរកកីឡាករ កីឡាការិនីមានសមត្ថភាពមកហ្វឹកហាត់ជាក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួតធំៗក្នុងឆាកអន្តរជាតិ ។ ការប្រកួតចាប់នេះ នឹងចាប់ផ្ដើមពីពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នាទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ។
ចំពោះការទទួលពាក្យសុំចូលរួមប្រកួតពីសមាគមន៍ឬក្លឹបទាំងក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តចាប់ផ្តើមទទួលពីថ្ងៃជូនដំណឹងនេះតទៅនៅទីស្នាក់ការរបស់សហព័ន្ធដែលនៅជាន់ទី៤ នៃអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយពាក្យស្នើសុំត្រូវបិទឈប់ទទួលត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ។ សម្រាប់វិញ្ញាសាប្រកួតវិញ សហព័ន្ធដាក់ឱ្យប្រកួតប្រជែងលើ២វិញ្ញាសាមានដូចជា៖ វិញ្ញាសាប្រកួតផ្នែកបុរស ទម្ងន់៦០០គីឡូក្រាម និងវិញ្ញាសាប្រកួតផ្នែកនារី ប្រកួតទម្ងន់៥០០គីឡូក្រាម ។ លក្ខណដែលអាចចូលរួមប្រកួតបានគឺកីឡាករ កីឡាការិនីត្រូវមានសញ្ជាតិខ្មែរ ហើយសមាគម ឬក្លឹបត្រូវបានទទួលស្គាល់ជាសមាជិកផ្លូវការពីសហព័ន្ធទាញព្រ័ត្រដោយកីឡាករ កីឡាការិនីទាំងនោះធ្លាប់ជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ក្នុងពានរង្វាន់ភូមិភាគដែលរៀបចំដោយសហព័ន្ធ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់