កីឡា ៤ ប្រភេទសង្ឃឹមដណ្ដើមបានមេដាយពីការប្រកួតកីឡាអាស៊ីឆ្នាំនេះ

នូ មករា June 14, 2018


ភ្នំពេញ៖ ប្រទេសកម្ពុជាត្រៀមបញ្ជូនកីឡា១២ប្រភេទទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនៅ ប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តិទៅនៅខែសីហាខាងមុខនេះ។ បើតាមការឲ្យដឹងពី លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាត្រៀមបញ្ជូនកីឡាចំនួន១២ប្រភេទទៅចូលរួមហើយក្នុងចំណោម ១២ប្រភេទកីឡានេះ កម្ពុជាមានក្តីសង្ឃឹមលើ៤ប្រភេទគឺតេក្វាន់ដូ, ជីជិតស៊ូ, ម៉ូតូទឹក និងសូហ្វតេន្នីស ដែលអាចឈានទៅដល់ការដណ្តើមមេដាយជូនជាតិបាន ។
លោកអគ្គលេខាធិការបានបន្តថា សម្រាប់តេក្វាន់ដូ ស៊ន សៀវមុី គឺជាម្ចាស់មេដាយមាសកន្លងមកហើយសង្ឃឹមថា កីឡាការិនីរូបនេះនឹងធ្វើបានល្អ មួយវិញទៀតប្រសិនបើការចាប់ឆ្នោតប៉ះចំប្រទេសដែលមានកីឡាការិនីខ្សោយជាង នោះកម្ពុជានឹងមានភាពងាយស្រួលបន្តិច ។ រីឯសូហ្វតេន្នីសវិញគឺជាប្រភេទដែលមានឧត្តមភាព និងមានភាពរីកចម្រើនជាលំដាប់ ។  ចំពោះប្រភេទកីឡាជីជិតស៊ូ កម្ពុជាមានកីឡាការិនីនៅសហរដ្ឋអាមេរិក(កូនខ្មែរ)ដែលមានបទពិសោធន៍ក្នុងការប្រកួតជើងឯកនានាក្នុងប្រទេសព្រមទាំងទទួលបានមេដាយជាច្រើនដែរ ចំណែកកីឡាម៉ូតូទឹកក៏មានកូនខ្មែរដែលកំពុងធ្វើការហ្វឹកហាត់នៅក្នុងប្រទេសថៃហើយក៏ជាកីឡាករម្ចាស់មេដាយសំរឹទ្ធកម្រិតពិភពលោកថែមទៀត ដូច្នេះអាចមានឱកាសដណ្តើមមេដាយ ។
សម្រាប់កីឡា អត្តពលកម្ម, ហែលទឹក, ចំបាប់, តេក្វាន់ដូ, ចាក់សាប, ទូកក្តោង, ការ៉ាតេ, កាយសម្ព័ន្ធ និងទូកកាណូ ដែលត្រូវទៅយកបទពិសោធន៍ការប្រកួតប្រភេទកីឡាដែលប្រកួតច្រើនជាងគេនឹងទទួលបានបច្ចេកទេសកាន់តែច្រើន ។ ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុនក៏បានមានប្រសាសន៍ថា មុខនឹងបញ្ជូនក្រុមកីឡាករ -កីឡាការិនីចូលរួមព្រឹត្តិការណ៍អន្តរជាតិនានាត្រូវធ្វើការប្រកួតជាផ្លូវការដោយមានការត្រួតពីនិត្យពីមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា, តំណាងអគ្គនាយកកីឡាចូលរួមត្រួតពិនិត្យការប្រកួតនោះដើម្បីជ្រើសរើសក្រុមកីឡាករកីឡាការិនីមានស្នាដៃប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ។ ចំណែកកីឡាហែលទឹកនិងអត្តពលកម្មជាប្រភេទដែលមានសិទ្ធិចូលរួមដោយស្វ័យប្រវត្តិនោះគឺត្រូវពិនិត្យ មើលកំណត់ត្រាអ្នកល្អជាងគេខុសពីប្រភេទកីឡាប្រយុទ្ធ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់