សូហ្វតេន្នីស ចេញទៅហ្វឹកហាត់នៅជប៉ុន ២ខែដើម្បីត្រៀមដណ្តើមមេដាយកីឡាអាស៊ីឆ្នាំនេះ

នូ មករា June 12, 2018


ភ្នំពេញ៖ ជាមួយនឹងជំនឿចិត្តក្នុងការប្រជែងដណ្តើមយកមេដាយកម្រិតអាស៊ីក្នុងព្រឹត្តិការណ៍ Asian Game 2018 ដែលនឹងត្រូវធ្វើនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ខាងមុខនោះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានធ្វើការបញ្ជូនអត្តពលិករបស់ខ្លួនមួយក្រុមចេញទៅធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេល២ខែ ដើម្បីក្រេបយកចំណេះដឹង និងបច្ចេកទេសនៃការលេងឱ្យបានល្អថែមទៀត ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឬ Asian Game 2018 នេះ កម្ពុជាគ្រោងនឹងបញ្ជូនប្រភេទកីឡាចំនួន ១២ ប្រភេទទៅចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ កីឡាអត្តពលកម្ម, ហែលទឹក, Jet Ski, គុនដាវ, យូដូ, ការ៉ាតេដូ, ទូកក្តោង, កាយសម្ព័ន្ធ, តេក្វាន់ដូ, ចំបាប់, សូហ្វតិន្នីស និងកីឡា Jujutsu  ខណៈដែលថ្នាក់ដឹកនាំកីឡាធំៗ បានចាត់ទុក សូហ្វតិន្នីស គឺជាប្រភេទកីឡាមានសក្តានុពលដែលអាចដណ្តើមបានមេដាយផងដែរ ។

អនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង បានចាត់ទុកការចេញទៅហ្វឹកហាត់នៅជប៉ុននេះថា ជារឿងដ៏ល្អបំផុតដើម្បីពង្រឹងធ្វើឲ្យមានការរីកចម្រើនដល់ក្រុមសូហ្វតិន្នីសកម្ពុជាសម្រាប់ត្រៀមទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅទ្វីបអាស៊ី។ លោកបានថ្លែងថា៖ «ខ្ញុំសង្ឃឹមខ្ពស់ក្នុងការឈ្នះបានមេដាយនៅកីឡាអាស៊ី ប៉ុន្តែការប្រកួតនោះយើងអាចនឹងទទួលបានលទ្ធផល ៥០ ទល់នឹង ៥០ ជាមួយអ្នកដែលមានលំដាប់ខ្ពស់ជាងយើង។ យើងមិនទាន់ហ៊ានអះអាងថា បានមេដាយឲ្យប្រាកដទេ ប៉ុន្តែយើង បាននឹងកំពុងប្រឹងប្រែងខ្លាំងឆ្ពោះទៅកាន់ការប្រកួតនោះហើយ »។

លោកបានបន្តថា៖ «អ្នកនៅសាលាសាកលវិទ្យាល័យនោះមានសមត្ថភាព មិនចាញ់ក្រុមជម្រើសជាតិជប៉ុន ប៉ុន្មានឡើយ អ៊ីចឹងមានន័យថា យើងបានដាក់ក្រុមសូហ្វតិន្នីសរបស់យើង ទៅហ្វឹកហាត់នៅកន្លែងកំពូលរបស់ពិភពលោកហើយហើយក៏មិនទាន់មានសហព័ន្ធណាហ៊ានចំណាយថវិកាផ្ទាល់ខ្លួនអស់រាប់ម៉ឺនដុល្លារបញ្ជូនក្រុមអត្តពលិកទៅហាត់ នៅក្រៅប្រទេស ដូចយើងនោះដែរ គឺមានន័យថាយើងបានប្រឹងប្រែងអស់ពីលទ្ធភាពហើយ»។ លោកបន្ថែមថា៖ «យើងបានចំណាយថវិកាផ្ទាល់ខ្លួន ឲ្យពួកគេទៅហ្វឹកហាត់កន្លែងលំដាប់កំពូលហើយ ហើយការខិតខំប្រឹងប្រែងនេះ គឺយើងចង់ឲ្យកីឡាសូហ្វតិន្នីសកម្ពុជា មានឈ្មោះបោះសំឡេង នៅលើឆាកអន្តរជាតិ ហើយរឿងដែលសំខាន់នោះ យើង សង្ឃឹមថាក្រុមសូហ្វតិន្នីសរបស់យើង និងជួយទៅដណ្តើមបានមេដាយឲ្យកម្ពុជាក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨»៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់