សហព័ន្ធខ្មែរកីឡាហែលទឹក បណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានហែលទឹកចម្ងាយឆ្ងាយនៅកំពង់ចាម

នូ មករា June 12, 2018


ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានពីសហព័ន្ធខ្មែរកីឡាហែលទឹកបានឱ្យដឹងថា សហព័ន្ធនេះនឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានហែលទឹកចម្ងាយឆ្ងាយ “Open Water Swimming” នៅអាងហែលទឹកនៃមណ្ឌលតេជោ ហ៊ុន សែន ទីរួមខេត្តកំពង់ចាម ។ វគ្គនេះរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹកក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំយុវជន និងកីឡាដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ។
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថា៖ “សម្រាប់វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានហែលទឹកចម្ងាយឆ្ងាយ “Open Water Swimming” យើងមានគោលដៅបណ្តុះបណ្តាលគ្រូនៅខេត្តកំពងចាមដែលជាខេត្តមានសក្ដានុពលជាងគេលើប្រភេទកីឡាហែលទឹក ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញដែលមានសិក្ខាកាមចំនួន១៥នាក់ក្នុងនោះខេត្តកំពង់ចាម៥នាក់ ខេត្តត្បូងឃ្មុំ៥នាក់ និងរាជធានីភ្នំពេញ៥នាក់ដែរ” ។

លោកបានបន្តថាវគ្គបណ្តុះបណ្តាលនេះសហព័ន្ធបានប្រើប្រាស់ថវិការបស់ក្រសួងអប់រំឆ្នាំ២០១៨ ដោយសារតែវគ្គហែលទឹកចម្ងាយឆ្ងាយនេះសំខាន់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ហើយក្រៅពីវិញ្ញាសាហែលចម្ងាយឆ្ងាយទៅសហព័ន្ធនឹងឈានទៅវិញ្ញាសាលេងបាល់ក្នុងទឹក (OpenPolo) ទៀតត្រូវរកគ្រូឧទ្ទេសមកពីខាងក្រៅប្រទេសបាន ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់