កាយសម្ព័ន្ធកម្ពុជា បញ្ជូនគ្រូជំនួយ២រូប និងកីឡាករ១រូបចូលរួមបោះជំរុំហ្វឹកហាត់នៅថៃ

នូ មករា June 12, 2018


ភ្នំពេញ៖ កាលពីចុងសប្ដាហ៍កន្លងមកសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនគ្រូជំនួយ២រូប និងកីឡាករ១រូបទៅចូលរួមការបោះជំរុំហ្វឹកហាត់នៅទីក្រុងបាងកក ប្រទេសថៃដែលមានឈ្មោះថា “ Training Camp MAG Coaches Bangkok”។ វគ្គនេះមានរយៈពេល៧ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ។

លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធបានបានបញ្ជូនគ្រូជំនួយ២រូប កីឡាករ១រូបដែលមាន លោក វាស សារិទ្ធិ និងលោក សោ សុផេង ជាគ្រូជំនួយ អមដោយកីឡាករ អៀ សៀវមីញ ដើម្បីចូលរួម “ Training Camp MAG Coaches Bangkok”។ បញ្ហាសំខាន់ដែលសហព័ន្ធបញ្ជូនទៅចូលរួមបែបនេះព្រោះវាបានផ្តល់អត្ថប្រយោជន៍សំខាន់ដល់គ្រូបង្វឹកនិងអត្តពលិកតែម្តងដោយសារមានប្រទេសជាច្រើននៅក្នុងតំបន់ចូលរួម។

សម្រាប់រយៈពេលមួយសប្តាហ៍នៃការហ្វឹកហាត់មានសារៈសំខាន់ៗជាច្រើនដូចជា ការផ្តល់បទពិសោធន៍គ្នារវាងប្រទេសទាំង១០ចូលរួមនូវលក្ខណៈបច្ចេកទេស និងបទពិសោធន៍ជាមួយគ្នាក្នុងនោះសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិក៏បានបញ្ជូនមន្ត្រីជំនាញការជាគ្រូឧទ្ទេសក្នុងការបទពិសោធន៍ដល់សិក្ខាកាម ។ លោកអគ្គលេខាធិការបានបន្តថា ការបោះជំរុំនេះគ្រូយើងទទួលបានបទពិសោធន៍ល្អៗគឺបទពិសោធន៍ដែលគេផ្ដល់ឲ្យវាស្របទៅតាមជំនាញ កម្រិតសមត្ថភាពដែល កីឡាករ-កីឡាការិនីអាចធ្វើបាននិងធ្វើឲ្យយើងដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីជំរុញឲ្យកីឡាករ-កីឡាការិនីវ័យក្មេងឈានដល់កម្រិត “កម្រិតអន្តរជាតិ” ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់