សម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជទ្រព្យដល់សហព័ន្ធកីឡារាំកម្ពុជា

នូ មករា June 11, 2018


ភ្នំពេញ៖ សហព័ន្ធរាំពេលនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលពិសេសក្នុងរាត្រីសមោសនៃក្បាច់រាំដែលសហព័ន្ធបានរៀបចំកាលពីចុងសប្ដាហ៍កន្លងទៅនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដោយព្រះអង្គបានប្រោសព្រះរាជប្រទានព្រះរាជទ្រព្យចំនួន ១.០០០ដុល្លារទៀតផង ។ សូមបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅសហព័ន្ធកីឡារាំកម្ពុជាបានរៀបចំរាត្រីសមោសនៃក្បាច់រាំនាសណ្ឋាគារសុខាភ្នំពេញដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និងការឧបត្ថម្ភគាំទ្រជាថវិកាពីសមាជិករដ្ឋាភិបាល និងអ្នកមុខអ្នកមាត់ដែលចូលរួមទៀតផង ។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធរាំកម្ពុជាមានប្រសាសន៍ថា នេះជាលើដំបូងហើយដែលសហព័ន្ធរៀបចំកម្មវិធីរាត្រីសមោសនៃក្បាច់រាំបែបនេះ ដោយការរៀបចំនេះគឺដើម្បីជាការផ្សព្វផ្សាយ និងជាការបំផុសឲ្យគេដឹងថា រាំគឺជាកីឡាមួយប្រភេទដែលកំពុងពេញនិយមនៅលើពិភពលោក ។ ជាមួយគ្នានេះក៏ជាការបង្ហាញឲ្យគេដឹងថាសហព័ន្ធរាំកំពុងតែត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ។ លោកជំទាវបានចាត់ទុកថានេះជាឆ្នាំដំបូងមែនប៉ុន្តែព្រឹត្តិការណ៍នេះនឹងក្លាយជាកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធចាប់ពីពេលនេះតទៅ ។

ជាមួយគ្នានេះដែរ សហព័ន្ធក៏កំពុងស្វែងកីឡាករ-កីឡាការិនីវ័យក្មេងឲ្យមកចូលហាត់រាំក្បាច់អន្តរជាតិដែលជាបញ្ហាសំខាន់ណាស់ ។ លោកជំទាវបានថ្លែងថា អ្វីៗវាបានចាប់ផ្ដើមហើយតែក៏ត្រូវពង្រឹងវាបន្ថែមដែរព្រោះការអភិវឌ្ឍនូវសមត្ថភាពត្រូវតែធ្វើជាប្រចាំដោយខានមិនបាន ដោយសារក្នុងឋានៈជាម្ចាស់ផ្ទះត្រូវតែរកមេដាយឲ្យបានជាដាច់ខាត ។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍រាត្រីសមោសនៃក្បាច់រាំនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានឧបត្ថម្ភ ១.០០០ដុល្លារ, លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកជំទាវ ទេព រង្ស៊ីកាញា្ញរិទ្ធ, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្ដល់ថវិកាគាំទ្រក្នុងម្នាក់ៗ ៥០០ដុល្លារ ។ ក្រៅពីនោះក៏មានលោកជំទាវដទៃទៀតជួយឧបត្ថម្ភ៥០០ដុល្លារ, ខ្លះ៤០០ដុល្លារដើម្បីសហព័ន្ធប្រើប្រាស់ក្នុងគោលដៅអភិវឌ្ឍន៍នូវសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់