សម្ដេច ហ៊ុន សែន ជំរុញឱ្យតាម ភូមិ ឃុំ ខិតខំរៀបចំផ្នែកកីឡាឲ្យមានការរីកចម្រើនពីមូលដ្ឋាន

នូ មករា June 8, 2018


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់បណ្ដាលខេត្តរាជធានីត្រូវតែបង្កើតឱ្យមានមូលដ្ឋានកីឡា នៅតាមភូមិ ឃុំ និងតាមសាលារៀននៅទូទាំងប្រទេសកម្ពុជាដើម្បីភាពរីកចម្រើនផ្នែកកីឡា ក៏ដូចជាជ្រើសរើសប្រភេទកីឡាឲ្យបានច្បាស់លាស់ដើម្បីធានាថាកម្ពុជាអាចដណ្តើមបានមេដាយច្រើនក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។

សម្ដេចបានមានប្រសាសន៍ដូច្នះថា៖ «ខ្ញុំសង្ឃឹមថា តាមភូមិ ឃុំ នឹងខិតខំរៀបចំផ្នែកកីឡានេះឲ្យមានការរីកចម្រើនព្រោះមិនមែនរង់ចាំតែសាលាកីឡានោះទេ ដូចទ្រឹស្តីយោធា បានលើកឡើងថា បើអ្នកមិនប្រឹងបង្ហូរញើសនៅទីលានហ្វឹកហាត់ អ្នកនឹងត្រូវហូរឈាម នៅទីលានប្រយុទ្ធ ឯកីឡារបស់យើងវិញ បើសិនជាអ្នកមិនខិតខំបង្ហូរញើស នៅទីលានហ្វឹកហាត់ អ្នកនឹងទទួលបរាជ័យ នៅលើទីលានប្រកួត។ ហេតុនេះ វាទាមទារឲ្យមាន ការហ្វឹកហាត់ជាប់ជានិច្ច ដើម្បីពង្រឹងកាយសម្បទា ក៏ដូចជាសមត្ថភាពប្រកួតរបស់យើង»។

មិនត្រឹមតែប៉ុណ្ណោះ សម្ដេចក៏បានជំរុញឲ្យស្ថាប័នជំនាញផ្នែកកីឡារបស់កម្ពុជា គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការជ្រើសរើសប្រភេទកីឡាដែលមានសក្តានុពលយកមកបង្វឹកឲ្យបានខ្លាំង ដើម្បីធានាថាកម្ពុជាអាចនឹងដណ្តើមបានមេដាយច្រើនក្នុងការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់