កាយសម្ព័ន្ធ កំណត់យកអត្តពលិកវ័យក្មេងដែលឈ្នះមេដាយកីឡាជាតិជាធនធានត្រៀមសុីហ្គេម ២០២៣

នូ មករា June 6, 2018


ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រកួតកីឡាជាតិលើកទី២របស់ខ្លួនដោយជោគជ័យរួចមកនោះ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំពុងរៀបចំផែនការបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីវ័យក្មេងដែលបានប្រឹងប្រែងប្រកួតឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាជាតិមកបង្វឹកត្រៀមដណ្តើមមេដាយជូនជាតិក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ។ លោកបានមានប្រសាសន៍ថា៖«សហព័ន្ធរបស់យើងបានរៀបចំជាស្រេចទៅតាមផែនការប្រចាំឆ្នាំ ហើយកីឡាករ កីឡាការិនីដែលឈ្នះបានមេដាយក្នុងការប្រកួតកីឡាជាតិលើកទី២ នេះមានអាយុពី ១២, ១៣, ១៤ និង ១៥ ឆ្នាំ ហើយអត្តពលិកវ័យក្មេងទាំងនេះ ជាចំណុចសំខាន់របស់សហព័ន្ធកីឡាកាយសម្ព័ន្ធ តែម្តង ក្នុងការជំរុញឲ្យពួកគាត់ក្លាយជាអត្តពលិកឆ្នើមនៅឆ្នាំ២០២៣»។

ការគ្រោងយកម្ចាស់មេដាយ មាស ប្រាក់ សំរឹទ្ធ និងកីឡាករល្អ លើប្រភេទកីកាយសម្ព័ន្ធពីការប្រកួតកីឡាជាតិ លើកទី ២ ទៅបង្វឹកបន្ថែមដើម្បីឲ្យក្លាយជាអត្តពលិកឆ្នើមនេះក៏ព្រោះតែអ្នកដណ្តើមបានមេដាយភាគច្រើនជាយុវជន យុវតី ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ គឺស័ក្តិសមបំផុត សម្រាប់ត្រៀមឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣។ លោកបានបន្តថា ប្រភេទកីឡាកាយសម្ព័ន្ធមានកម្រិតបច្ចេកទេសកើនឡើងច្រើនបើប្រៀបធៀបទៅនឹងការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ ២០១៦ និងការប្រកួតថ្នាក់ជាតិ កាលពីឆ្នាំ២០១៧ បើទោះបីជាអត្តពលិកទាំងនេះ ភាគច្រើនជាក្រុមថ្នាក់ថ្នាលត្រៀមទៅស៊ីហ្គេម ឆ្នាំ២០២៣ក៏ដោយ។
ជាមួយគ្នានេះដែរ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងដែរថា ជំរុញលើកទឹកចិត្តច្រើនដល់អត្តពលិក និងគ្រូបង្វឹកមកពីតាមបណ្តាខេត្តព្រះវិហារ ក្រចេះ កំពង់ឆ្នាំង បាត់ដំបង និងក្រសួងមហាផ្ទៃ ដែលបានចូលរួមការប្រកួតកីឡាជាតិ លើកទី២ នេះ គឺធ្វើយ៉ាងណាជំរុញឲ្យប្រភេទកីឡានេះមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដណ្តើមបានមេដាយមាសពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់