អស្ចារ្យ! ស្ងាត់ៗកម្ពុជាឈ្នះមេដាយប្រាក់ និងសំរឹទ្ធលើប្រភទកីឡាគុនដាវនៅសិង្ហបុរី

នូ មករា June 5, 2018


សិង្ហបុរី៖ បន្ទាប់ពីបញ្ចប់ការប្រកួតរបស់ខ្លួនកាលពីយប់មិញរួចមកនោះ ជាលទ្ធផលក្រុមអត្តពលិកគុនដាវកម្ពុជាដណ្ដើមបានមេដាយ៣វិញ្ញាសាពីព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី (Asian Varsity Fencing Championship) លើកទី១៧ នៅសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបូរី (Singapore Management University) ប្រទេសសិង្ហបូរី។

បើតាមអគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា លោក សុខ អាង បានឱ្យដឹងថា ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមតាំងពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ដោយមានសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន១៩ស្ថាប័នចូលរួមប្រកួតប្រជែង ខណៈក្រុមអត្តពលិកកម្ពុជាបានបន្ថែមត្រឹមមេដាយប្រាក់នៅថ្ងៃបិទនៃការប្រកួតនេះ ។

សូមបញ្ជាក់ថា មេដាយទាំង ៥ ដែលក្រុមកម្ពុជាទទួលបានរួមមាន៖ វិញ្ញាសានារីដាវធំជាក្រុម(កីឡាការិនី យី លីហ្សា កីឡាការិនី ជុំ សុវណ្ណារ៉ុង និងកីឡាការិនី រៀម ចាន់ដារ៉ារស្មី) ទទួលបានមេដាយសំរឹទ្ធមួយគ្រឿង, វិញ្ញាសានារីដាវកាប់ជាក្រុម(កីឡាការិនី យី លីហ្សា កីឡាការិនី ជុំ សុវណ្ណារ៉ុង និងកីឡាការិនី រៀម ចាន់ដារ៉ារស្មី) ទទួលបានមេដាយសំរឹទ្ធមួយគ្រឿង និងវិញ្ញាសាបុរសដាវតូចក្រុម(កីឡាករ ជឹម ធារ៉ា កីឡាករ ឃឹម សាមាន កីឡាករ ថុង តាំងជីន និងកីឡាករ សំ សិទ្ធិបញ្ញា) ទទួលបានមេដាយប្រាក់មួយគ្រឿង, មេដាយសំរឹទ្ធឯកត្តជនដាវធំមួយគ្រឿង និងមេដាយសំរឹទ្ធជាក្រុមដាវធំ១គ្រឿងផងដែរ ។ ក្រុមអត្តពលិកកម្ពុជាក៏នឹងវិលត្រលប់មកកាន់ដល់មាតុប្រទេសវិញនាវេលាម៉ោង ៨:៤០នាទីយប់នេះ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់