សម្តេចតេជោ ហ៊ុន សែន កោតសរសើរព្រះរាជវីរភាពសម្តេចតាលើស្នាព្រះហស្ថវិស័យកីឡានៅកម្ពុជា

នូ មករា June 5, 2018


ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបិទកីឡាជាតិលើកទី២ នាល្ងាចថ្ងៃទី៤ ខែមិថុនា ម្សិលមិញនេះដោយបានកោតសរសើរ ក៏ដូចជាអរព្រះគុណចំពោះព្រះវីរភាពនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកនូវមរតកហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់វិស័យកីឡាកម្ពុជា ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានរំលឹកពីព្រះគុណូបការៈរបស់ព្រះអង្គក្នុងការដឹកនាំប្រទេសជាតិ ជាពិសេសការផ្តួចផ្តើមព្រះតម្រិះកសាងពហុកីឡដ្ឋានជាតិអូឡាំពិកដែលជាទីប្រារព្ធពិធីបើក -បិទព្រឹត្តិការណ៍កីឡាជាតិលើកទី២តែម្តង ។

យោងតាមសម្តេចតេជោហ៊ុន សែន មរតកនៃហេដ្ឋារចនាសម្ព័ន្ធកីឡាជាច្រើននៅទូទាំងប្រទេសដែលត្រូវបានសាងឡើងក្រោមព្រះរាជកិច្ចដឹកនាំនៃព្រះករុណា ព្រះបរមរតនកោដ្ឋនៅតែដើរតួនាទីដ៏សំខាន់សម្រាប់វិស័យកីឡា និងអាចប្រើប្រាស់បានរហូតមកដល់បច្ចុប្បន្ន ។ សម្តេចបានបន្ថែមថា យោងតាមទ្រឹស្តី ហូបផ្លែឈើនឹកដល់អ្នកដាំ និង ហូបទឹកនឹងដល់ប្រភពដើម គេមិនអាចបំភ្លេចគុណូបការៈរបស់ព្រះអង្គបានឡើយ ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានថ្លែងកោតសរសើរដល់គណៈកម្មការរៀបចំកីឡាជាតិដែលបានខិតខំយ៉ាងយកចិត្តទុកដាក់ក្នុងការរៀបចំព្រឹត្តិការណ៍នេះប្រកបដោយភាពជោគជ័យហើយសម្តេចក៏បានសំណូមពរឱ្យបណ្តាស្ថាប័នទាំងអស់ព្យាយាមពង្រឹងវិស័យកីឡាឱ្យកាន់តែខ្លាំងក្លាថែមទៀតដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះសុីហ្គេមឆ្នាំ២០២៣​ខាងមុខនេះ ៕

អត្ថបទ៖ មករា

 

 

មតិយោបល់