Revenge Team ដណ្ដើមបានសិទ្ធិទៅប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិនៅប្រទេសសិង្ហបុរី

នូ មករា June 4, 2018


ភ្នំពេញ៖ បន្ទាប់ពីប្រកួតអស់រយៈពេលជាង១០ថ្ងៃរួចមក ក្រុម Revenge Team ប្រជែងយកឈ្នះ ក្នុងចំណោម២៣ក្រុមដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកលើវិញ្ញាសា League Of Legends ដែលបានស្វែងរកឃើញក្រុមខ្លាំងតំណាងឲ្យកម្ពុជាដើម្បីចូលរួមប្រកួតក្នុងកម្មវិធីកីឡាអេឡិចត្រូនិកអន្តរជាតិនៅប្រទេសសិង្ហបុរីនាពេលខាងមុននេះ។
សម្រាប់ការប្រកួតនៅសិង្ហបុរីមាន ១០ក្រុមដែលសុទ្ធតែខ្លាំងៗតំណាងឲ្យប្រទេស១០នៅអាស៊ានចូលរួមប្រកួតគឺម្ចាស់ផ្ទះសិង្ហបុរី កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និងប្រ៊ុយណេ ។ ព្រឹត្តិការណ៍ Hyperplay ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រុមជើងឯកទទួលបានរង្វាន់កុំព្យូទ័រម៉ាក Razer Blade HD 256GB ចំនួន ៦គ្រឿង ដែលមានម៉ៅ ក្តារចុច និងកាសពាក់ត្រចៀក។ សូមបញ្ជាក់ថា កុំព្យូទ័រ១គ្រឿងៗតម្លៃ២០០០ដុល្លារ ដូច្នេះ៦គ្រឿងតម្លៃសរុប១២០០០ដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ ក្រុមទាំង១០នឹងទទួលបានការឧបត្ថម្ភធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍លំដាប់ពិភពលោកជាច្រើននៅប្រទេសសិង្ហបុរី ខណៈដែលព្រឹត្តិការណ៍ LOL E-Sports នេះនឹងមានការប្រគំតន្ត្រីដ៏អស្ចារ្យដែលមានតារាចម្រៀង និងឌីជេលំដាប់ពិភពលោកចូលរួមសម្តែងជាច្រើនលើកទៀតផង។ គួររំលឹកផងដែរថា ក្រុមខ្លាំង Revenge Team ទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីបានយកឈ្នះក្រុម Team Spirit ដោយលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់