កីឡាជាតិ៖ ខេត្តត្បូងឃ្មុំ ប្រមូលមេដាយមាសច្រើនជាងគេក្នុងប្រភេទ តេក្វាន់ ដូ ITF

នូ មករា May 30, 2018


ភ្នំពេញ៖ បន្ទាប់ពីប្រជែងអស់រយៈពេល៥ថ្ងៃពេញ អត្តពលិកតេក្វាន់ដូ ITF ក្នុងខេត្តត្បូងឃ្មុំ បានដណ្ដើមយកចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍កីឡាជាលើកទី២ ដោយទទួលបានមេដាយសរុប ៩គ្រឿងមានមេដាយមាស៤, ប្រាក់២ និងសំរឹទ្ធ ២ ខណៈដែលខេត្តស្ទឹងត្រែង ឈរលេខ២ មានមេដាយមាស ៤ និងសំរឹទ្ធ ២ សរុប ៦គ្រឿង រីឯខេត្តតាកែវ ឈរលេខ៣ មានមេដាយមាស៣, ប្រាក់៥ និងសំរឹទ្ធ ២ សរុប ១១គ្រឿង ។ ចំណែករាជធានីភ្នំពេញឈរលេខ៤ មានមេដាយមាស ៣, ប្រាក់ ៤ និងសំរឹទ្ធ ១ សរុប ៩គ្រឿង ។
ការប្រកួតនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី២៥ រហូតដល់បញ្ចប់នាថ្ងៃទី២៩ ខែឧសភា ដោយមានការចូលរួមបំពាក់មេដាយពីសំណាក់ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ។ អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក បួន ហ៊ីងសុធីយ៉ា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលទទួលបានពីការចូលរួមប្រកួតកីឡាជាតិលើកដំបូងរបស់ខ្លួន ទាំងគណៈកម្មការរៀបចំ និងការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនីទោះបីមានចំណុចខ្វះខាតបន្ដិចបន្ដួចក្ដី ។
 
យ៉ាងណាមិញ លោកបានអះអាងថា សហព័ន្ធនឹងបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅរបស់សហព័ន្ធទាំងការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសគឺការសម្រួចទិសដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង ។ ដោយឡែកក្រុមអត្តពលិកខេត្តព្រះវិហា ឈរលេខ៥ មានមេដាយមាស២, ប្រាក់ ៣ និងសំរឹទ្ធ ១ សរុប ៦គ្រឿង, ខេត្តកំពង់ស្ពឺ ឈរលេខ៦ មានមេដាយមាស ២, ប្រាក់ ២ និងសំរឹទ្ធ ៦ ។
 
សម្រាប់ខេត្តកោះកុង ឈរលេខ៧ មានមេដាយមាស ២, ប្រាក់ ១ និងសំរឹទ្ធ ១ សរុប ៤គ្រឿង ។ ខេត្តកំពង់ចាម ឈរលេខ៨ មានមេដាយមាស ១, ប្រាក់ ១ និងសំរឹទ្ធ ៣ សរុប ៥គ្រឿង ។ ខេត្តបាត់ដំបង ឈរលេខ៩ មានមេដាយមាស ១ និងសំរឹទ្ធ ១ សរុប ២គ្រឿង ។ ខេត្តកណ្ដាល ឈរលេខ១០ មានមេដាយប្រាក់៣ និងសំរឹទ្ធ ៧ សរុប ១០គ្រឿង និងខេត្តបន្ទាយមានជ័យ ឈរលេខ១១ មានមេដាយប្រាក់ ១ និងសំរឹទ្ធ ៧ សរុប ៨គ្រឿង ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់