កីឡាជាតិ៖ ប៉េតង់បញ្ចប់ការប្រកួត ខណៈក្រុមក្រសួងការពារជាតិឈ្នះមេដាយច្រើនជាងគេ

នូ មករា May 30, 2018


ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ឆ្នាំ២០១៨បានបញ្ចប់ហើយនៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ដោយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និង លោកឧត្តមសេនីយ៍ ព្រហ្ម ឌិន អនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភីនៅទីលានប្រកួតក្នុងបរិវេណពហុកីឡដ្ឋានជាតិ ។
  
ជាមួយនឹងការបញ្ចប់នេះគេសង្កេតឃើញថាក្រុមកីឡាប៉េតង់ក្រសួងការពារជាតិដណ្ដើមបានមេដាយនាំមុខគេ គឺបានរហូតដល់ទៅ៨គ្រឿងក្នុងនោះមេដាយមាស៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ។ ចំពោះក្រុមកីឡាប៉េតង់មហាផ្ទៃដណ្ដើមបានមេដាយមាសចំនួន៣ គ្រឿង និងខេត្តព្រៃវែងដណ្ដើមបានមេដាយមាស ២ គ្រឿង ។ ក្រៅពីនេះគេសង្កេតឃើញថាខេត្តកណ្ដាលដណ្តើមមេដាយ៥គ្រឿងក្នុងនោះមេដាយមាស២គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ។
 
ចំណែកក្រុមកីឡាប៉េតង់ខេត្តតាកែវឈ្នះបានដណ្តើមមេដាយ៧គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង និងក្រុមអត្តពលិកប៉េតង់ខេត្តឧត្តរមានជ័យដណ្តើមមេដាយ២គ្រឿង ក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ។ ខេត្តកំពង់ស្ពឺដណ្តើមមេដាយ២គ្រឿងក្នុងនោះមេដាយប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿងក្រុមអត្តពលិកប៉េតង់ខេត្តបាត់ដំបងនិងខេត្តបាត់ដំបងដណ្តើមមេដាយសំរិទ្ធ១គ្រឿងដូចគ្នា ៕
អត្ថបទ៖ មករា

មតិយោបល់