ក្រុមវាយកូនបាល់ខេត្តសៀមរាប ទទួលបានការកោតសរសើរក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ

នូ មករា May 29, 2018


ភ្នំពេញ៖ ក្រោយពីជម្រុះរកកីឡាករ កីឡាការិនីដែលមានទេពកោសល្យល្អអស់រយៈពេលជាង៤ថ្ងៃសម្រាប់ដាក់ចូលជាជម្រើសជាតិកន្លងមកនេះ សហព័ន្ធកីឡាវាយកូនបាលកម្ពុជា បានសម្លឹងឃើញអត្តពលិក២-៣នាក់ដែលលល្អបំផុស និងមានសមត្ថភាពល្អជាច្រើនទៀតដែលចេញពីក្លិបវាយកូនបាល់ក្នុងខេត្តសៀមរាប ។
 
អគ្គលេខាធិការសហព័ន្ធវាយកូនបាល់កម្ពុជាលោក ទេព រិទ្ធីវិទ្ធ បានមានប្រសាសន៍នៅក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី២ កាលពីព្រឹកម្សិលមិញនេះថា ការប្រកួតកីឡាជាតិនេះ សហព័ន្ធបានសម្លឹកឃើញមាន ២-៣នាក់ ដែលគួរឲ្យចាប់អារម្មណ៍ហើយអាចនឹងក្លាយជាធនធានថ្មី ជាពិសេសក្នុងចំណោមខេត្តដែលចូលរួមទាំងអស់គឺ សៀមរាបមានសន្ទុះខ្លាំងជាងគេ ព្រោះទីនោះមានគ្រូជនជាតិបរទេសម្នាក់បានបង្រៀនដល់គ្រូៗខ្មែរបន្ថែមទៀតធ្វើឲ្យកម្មវិធីហ្វឹកហាត់របស់គេល្អ។
 
សូមបញ្ជាក់ថា តាមរយៈការប្រកួតប៉ុន្មានថ្ងៃនេះសង្កេតឃើញថា ដំណើរការបានយ៉ាងរលូនល្អខណៈសមត្ថភាពកីឡាករមានការរីកចម្រើនខ្លាំងជាងមុនទៅទៀត ចំណែកឯសមត្ថភាពកីឡាករវាយកូនបាល់ជម្រើសជាតិ ឡុង សំនៀង វិញបានលេចធ្លោជាងគេសម្រាប់ការប្រកួតកីឡាជាលើកទី២ឆ្នាំនេះបន្ទាប់ពីរូបគេដណ្តើមបានមេដាយមាស៣ម្នាក់ឯង។
 
ជាមួយនឹងមេដាយមាស៣របស់ ឡុង សំនៀង បានរួមចំណែកយ៉ាងធំធេងជួយឲ្យក្រសួងការពារជាតិគ្រងជើងឯកនៅឆ្នាំនេះ ដោយរួមមានមេដាយមាស៣ និងសំរឹទ្ធ១។ ចំណែកក្រុមអត្តពលិកខេត្តកោះកុងបានឈរចំណាត់ថ្នាក់លេខ២ ក្រោយឈ្នះមេដាយមាស២ និងសំរឹទ្ធ១ រីឯអត្តពលិករាជធានីភ្នំពេញឈរលេខ៣ក្រោយដណ្តើមបានមេដាយប្រាក់ចំនួន៥ ខណៈខេត្តសៀមរាប និងកែបឈរលេខរៀងជាបន្តបន្ទាប់ក្រោយដណ្តើមបានមេដាយសំរឹទ្ធ២ និងសំរឹទ្ធ១ជាបន្តបន្ទាប់៕

អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់