ប្រមុខតេក្វាន់ដូ ITF ស្ដីបន្ទោសខ្លាំងៗទៅលើអាជ្ញាកណ្ដាល-ចៅក្រមដែលកាត់ក្តីលម្អៀង

នូ មករា May 29, 2018


ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានថ្លែងដោយស្ដីបន្ទោសទៅកាន់ក្រុមអាជ្ញាកណ្ដាលចៅក្រុមដែលកាត់ក្ដីលម្អៀង ដោយយោគយល់គ្នាក្នុងនាមជាគ្រូហើយនឹងសិស្ស។ លោក កែវ រ៉េមី បានមានប្រសាសន៍ដូច្នះថា៖«ខ្ញុំស្អប់បំផុតអ្នកដាក់ពិន្ទុលម្អៀងដោយប្រើមនោសញ្ចេតនាគ្រូ និងសិស្ស ដូច្នេះយើងត្រូវកាត់ក្តីឲ្យយុត្តិធម៌ដើម្បីផ្តល់ភាពត្រឹមដល់កីឡាករដែលគ្នាបានខិតខំ»។ លោកបានបន្ថែមថា៖ «ខ្ញុំសូមហាមដាច់ខាតចំពោះការតវ៉ានៅលើទីលានពេលអាជ្ញាកណ្តាលចៅក្រមកាត់ក្តីឲ្យកីឡាករណាម្នាក់ឈ្នះហើយគិតថាមិនយុត្តិធម៌។ សូមបញ្ជាក់ថា លោកបានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំជាមួយបណ្ដាតំណាងក្លិប និងអាជ្ញាកណ្ដាលចៅក្រម ដែលចូលរួមប្រកួតកីឡាជាតិ ។

ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF បានបន្តថា៖«យើងត្រូវចេះគោរពវិន័យ គោរពឋានានុក្រម តួនាទីភារកិច្ចរបស់ខ្លួន ហើយត្រូវចេះទទួលស្គាល់រាល់ការសម្រេចរបស់គណៈកម្មការប្រកួត។ បើមានភាពមិនប្រក្រតីអ្វី អាចតវ៉ាគ្នាក្រោយការប្រកួតចប់ តែហាមតវ៉ាលើទីលាន»។ ជាមួយគ្នានេះដែរលោកក៏បានជំរុញឲ្យអាជ្ញាកណ្តាលចៅក្រមដាក់ពិន្ទុ និងកាត់ក្តីឲ្យបានត្រឹមត្រូវដោយឈរលើភាពយុត្តិធម៌។ ការជំរុញនេះគឺដើម្បីផ្តល់ភាពត្រឹមត្រូវ និងទំនុកចិត្តដល់កីឡាករ កីឡាការិនីដែលបានខិតខំប្រឹងប្រែងប្រកួត ពិសេសដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ សម្រាប់ការចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាជាតិរបស់កីឡាតេក្វាន់ដូ ITF៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់