គួរយល់ដឹង! ប្រវត្តិពហុកីឡដ្ឋានជាតិអូឡាំពិកដែលជាទីប្រារព្ធពិធីបើកកីឡាជាតិកាលពីយប់មិញ!

នូ មករា May 26, 2018


ភ្នំពេញ៖ គិតមកដល់សព្វថ្ងៃនេះ ពហុកីឡដ្ឋានជាតិអូឡាំពិកដែលជាពហុកីឡដ្ឋានដ៏ធំជាងគេនៅកម្ពុជាមានអាយុកាលប្រមាណជាជាង៥០ឆ្នាំហើយ និងធ្លាប់បានបំពេញតួនាទីជាច្រើនក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាទាំងកម្រិតជាតិ និងអន្តរជាតិ។ ស្នាដៃដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះត្រូវបានសាងឡើងក្រោមព្រះរាជតម្រិះនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយត្រូវបានគូរប្លង់ និងដឹកនាំកសាងដោយ លោក វណ្ណ ម៉ូលីវណ្ណ ក្នុងឆ្នាំ១៩៦១ ។ ដំណាក់កាលបឋម គេបានចាប់ផ្ដើមចាក់ដីបំពេញទីលាន និងទំនប់នៃពហុកីឡដ្ឋានពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦២ រហូតដល់ចុងខែមីនា ឆ្នាំ១៩៦៣ និងបានបញ្ចប់នៅក្នុងខែមេសា ឆ្នាំ១៩៦៤ ។

ពហុកីឡដ្ឋានជាតិ បានកសាងលើទីលានប្រណាំងសេះ ដែលត្រូវបានហៅថា ទីវាលវង់ប្រណាំងសេះ និងក្លាយជាសង្កាត់វាលវង់ នាពេលបច្ចុប្បន្ន ហើយសំណង់នេះប្រើប្រាស់កម្មករចំនួន ៨០០ នាក់ ដោយប្រើប្រាស់ដែកក្នុងការសាងសង់អស់ចំនួន ៣០០០ តោន, ស៊ីម៉ង់ត៍ចំនួន ១៤០០០ តោន និងបេតុងទាំងអស់ ៤០០០០ ម៉ែត្រត្រីគុណហើយគ្រោងចំណាយថវិការដ្ឋអស់ចំនួន ៣៥០ លានរៀល ។ យ៉ាងណាក៏ដោយ ដោយសារតែថវិកានេះមិនគ្រប់គ្រាន់ ហេតុនេះហើយទើបសម្តេចព្រះនរោត្តម សីហនុ បានព្រះរាជានុញ្ញត្តឱ្យបង្កើតមូលនិធិមួយដើម្បីរកថវិកាតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋមកបង្គ្រប់ ។  លក្ខខណ្ឌនោះគឺ ពលរដ្ឋណាដែលបានជួយថវិកាចំនួនចាប់ពី ២៨០ រៀលនោះ ព្រះអង្គបានប្រោសព្រះរាជប្រទានមេដាយឲ្យមួយដែលមេដាយនោះមានឈ្មោះថា មេដាយទ្រទ្រង់ការកសាងពហុកីឡដ្ឋានជាតិ ហេតុនេះហើយទើបទម្រាំសាងសង់ចប់បានចំណាយថវិកាសរុបអស់ទឹកប្រាក់ចំនួន ៧៧៨ លានរៀល ។

022 Kopie

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិនេះរួមមានរចនាសម្ព័ន្ធដូចជា សាលវិមានកីឡា, ទីលានបាល់ទាត់ខ្នាតអន្តរជាតិដែលមានផ្លូវសម្រាប់រត់អត្តពលកម្មខ្នាតអន្តរជាតិផងដែរ ចំណែកផ្នែកខាងកើតមានអាងហែលទឹក  និងលោតទឹក ក៏ដូចជាទីធ្លាវាយកូនបាល់ជាដើម។ គួរបញ្ជាក់ថា ក្នុងសាលវិមានកីឡាមានកន្លែងសម្រាប់ទស្សនាបាល់ទះ បាល់បោះ ប្រដាល់ និងវិញ្ញាសាប្រភេទកីឡា Indoor ដទៃទៀតដែលមានកន្លែងអង្គុយទស្សនាសម្រាប់មនុស្សចំនួន ៨០០០នាក់ ដោយឡែកកន្លែងសម្រាប់ទស្សនាការប្រកួតបាល់ទាត់មានចំណុះមនុស្សចំនួន ៦០០០០ នាក់ ។

ចាប់តាំងពីបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៦៤រួចមក ពហុកីឡដ្ឋាននេះធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាហ្គានេហ្វូ (ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦ មាន ១៧ប្រទេសចូលរួម) ក៏ដូចជាត្រូវបានប្រើប្រាស់សម្រាប់ជាកន្លែងទទួលស្វាគមន៍ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាមិត្តមួយចំនួន និងជាកន្លែងប្រារព្ឋពិធីផ្សេងៗរបស់រដ្ឋព្រមទាំងជាកន្លែងហ្វឹកហ្វឺនក្រុមកីឡាករជម្រើសជាតិកម្ពុជាផងដែរ។ អ្វីដែលគួរឲ្យចងចាំនោះគឺក្នុងការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) ក្នុងវគ្គជម្រុះតំបន់អាស៊ីរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរីកាលពីចុងឆ្នាំ២០១៥ កន្លងទៅមានទស្សនិកជនចូលរួមទស្សនារហូតដល់ ៦០០០០ នាក់ និងត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើនចាប់អារម្មណ៍ និងយកទៅចុះផ្សាយជាបន្តបន្ទាប់ ។

គួររំលឹកដែរថា ពហុកីឡដ្ឋាន​ជាតិក៏បាន​រួម​ចំណែកក​តូច​មួយ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភព​លោក​ឆ្នាំ ១៩៦៦ (1966 FIFA World Cup) នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​​រវាង​ក្រុមជម្រើសជាតិកូរ៉េ​ខាង​ជើង និងអូស្ត្រាលី ។ នៅ​ពេល​នោះ​ទំនាក់ទំនង​អន្តរជាតិ​របស់​កូរ៉េ​ខាង​ជើង​​ជាមួយ​ប្រទេស​ភាគ​ច្រើន​មិន​សូវ​ល្អ គេ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​​ក្នុង​ការ​រក​ទី​កន្លែង​ប្រកួត​ឲ្យ​បាន​សមស្រប។ ពេល​នោះ ព្រះប្រមុខ​រដ្ឋ​កម្ពុជាសម្ដេច​នរោត្តម សីហនុ ដែល​ជា​មិត្ត​ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម អ៊ីលស៊ុង បាន​ស្នើ​ថា ការ​ប្រកួត​នេះ​អាច​ធ្វើ​នៅភ្នំពេញបាន ។ ដោយពេលនោះការ​ប្រកួត​នេះបានទាក់ទាញ​ទស្សនិកជន​ជាង៤​ម៉ឺន​នាក់ ដែល​ក្នុង​នោះពាក់​កណ្ដាល​គាំទ្រ​អូស្ត្រាលី ហើយ​ពាក់​កណ្ដាល​ទៀត​គាំទ្រ​កូរ៉េ​ខាង​ជើង។ ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ១៩៦៥ ជា​លទ្ឋផលកូរ៉េ​ខាង​ជើង​បាន​ជាប់​ឡើង​ទៅ​ប្រកួត​ជាមួយអ៊ីតាលីនៅ​វគ្គ​ប្រកួត​វិល​ជុំជាបន្តទៀត ដោយបានផ្តួលអុីតាលី ហើយ​ឡើង​ទៅ​ប្រកួត​ជាមួយព័រទុយហ្គាល់នៅ​វគ្គ​មួយ​ភាគ​បួន​ផ្ដាច់​ព្រាត់ ប៉ុន្តែបានទទួលបរាជ័យត្រឹមវគ្គនេះទៅ ។

43cdg_1

នាពេលបច្ចុប្បន្ននេះ ពហុកីឡដ្ឋានជាតិអូឡាំពិកនៅតែបន្តដើរតួនាទីដ៏សំខាន់ក្នុងការរៀបចំការប្រកួតកីឡានានាដូចជាព្រឹត្តិការណ៍កីឡាជាតិដែលត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង និងបានក្លាយជាទីហាត់ប្រាណលម្ហែកាយរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញផងដែរ ៕

អត្ថបទ៖ មករា

ប្រភព៖ ទស្សនាវដ្តី Cambodja

 

 

មតិយោបល់