លោកកែវ រ៉េមី មានសុទិដ្ឋិនិយមខ្ពស់ក្នុងការដណ្តើមមេដាយមាសនៅសុីហ្គេម ២០២៣

នូ មករា May 18, 2018


ភ្នំពេញ៖ នេះមិនមែនជាលើកទី១ទេ សម្រាប់ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា ដែលហ៊ាននិយាយធានារហូតដល់១០០% ថានឹងយកមេដាយមាសបានពិតប្រាកដក្នុង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ភាពជឿជាក់ថាខ្លួនពិតជាខ្លាំង អាចប្រជែងយកមេដាយមាសបាននៅក្នុងឆ្នាំ២០២៣នោះ គឺបន្ទាប់ពីអត្តពលិករបស់ខ្លួនដណ្ដើមបានទាំងមេដាយមាសពិភពលោកទ្វីបអាស៊ី និងមេដាយមាសនៅឆាកអន្តរជាតិផ្សេងៗជាច្រើនទៀត នៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ។ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា បានធ្វើការសន្យា និងធានាថា នឹងជួយឲ្យកម្ពុជាបានបង្ហូតទង់ជាតិក្នុងនាមជាអ្នកឈ្នះមេដាយមាសបើសិនជាក្រសួងអប់រំយុវជន និងកីឡា ដាក់ ITF ចូលទៅក្នុងស៊ីហ្គេម។ លោកបានអះអាងថា៖ «ខ្ញុំធានាថានឹងជួយឲ្យកម្ពុជាបានបង្ហោះទង់ជាតិឡើងងងឹតមុខតែម្តង គឺឲ្យឮតែភ្លេងខ្មែរបង្ហោះរហូតនៅក្នុងឆ្នាំ២០២៣»។ លោកបានបន្ថែមថា៖ «យើងធ្លាប់សាក អ៊ីចឹងយើងមានជំនឿចិត្ត តែយើងមិនដឹងថាថ្នាក់ដឹកនាំលោកយល់យ៉ាងម៉េចទេ? ក៏ប៉ុន្តែ ឯកឧត្តមអគ្គបានធ្វើលិខិតហើយ គឺយើងត្រៀមហើយប្រទេសនៅក្នុងតំបន់អាស៊ាន មានខ្ញុំជាប្រធានលោកបានផ្តិតមេដាយសុំចូលទៅក្នុងការប្រកួតស៊ីហ្គេម។ យើងមានឯកសារអស់ហើយ ក្នុងនោះមានឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងវៀតណាម ជាដើមបានផ្តិតមេដាយរួចហើយ»។ លោកបញ្ជាក់ថា៖ «បញ្ហារបស់ ITF កន្លងមក គឺទាក់ទងនឹងបញ្ហានយោបាយ។ ITF របស់កូរ៉េខាងជើង ជាក្បាច់គុនល្អ តែដោយសារបញ្ហានយោបាយ ទើបចូលអូឡាំពិ អត់បាន ប៉ុន្តែឥឡូវមានភាពធូរស្រាល ព្រោះស្ថានភាពនយោបាយអន្តរជាតិ គឺមានការចាប់ដៃគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង អ៊ីចឹងខ្ញុំសង្ឃឹមថា កីឡាតេក្វាន់ដូ ITF នឹងបានចូលអូឡាំពិក ក្នុងពេលឆាប់ៗខាងមុខនេះ»។ គួរបញ្ជាក់ផងដែរថា ប្រភេទកីឡាតេក្វាន់ដូ ITF របស់កូរ៉េខាងជើង មិនទាន់ត្រូវបានដាក់ជាប្រភេទកីឡាអូឡាំពិក ដូចកីឡាតេក្វាន់ដូ WTF របស់ប្រទេសកូរ៉េខាងត្បូង នៅឡើយទេ ប៉ុន្តែ លោក កែវ រ៉េមី ដែលជាអ្នកនយោបាយជើងចាស់ ១រូបផងនោះ សង្ឃឹមថា កីឡាតេក្វាន់ដូ ITF នឹងត្រូវបានដាក់ចូលជាប្រភេទកីឡាអូឡាំពិក ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈស្ថានភាពនយោបាយរវាងប្រទេសកូរ៉េទាំង ២ កំពុងមានភាពល្អប្រសើរ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់