អស្ចារ្យមែន! តេក្វាន់ដូ ITF កម្ពុជាដណ្ដើមបានមេដាយទ្វីបអាស៊ីរហូតដល់ ២១គ្រឿង!

នូ មករា May 14, 2018


ម៉ុងហ្គោលី៖ នេះពិតជាមោទកភាពជាតិសម្រាប់ប្រជាជាតិខ្មែរពិតមែន បន្ទាប់ពីក្រុមអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជាបានខិតខំប្រឹងប្រែងប្រកួតប្រជែងដណ្ដើមមេដាយមានទាំងមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿងពីព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកតេក្វាន់ដូ ITF (International Taekwondo Federation) ជើងឯកអាស៊ី លើកទី៩ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលីដែលទើបតែបញ្ចប់កាលពីម្សិលមិញនេះ ។
 
ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍របស់លោកនៅក្នុង បណ្ដាញសង្គមហ្វេសប៊ុកដោយបានកោតសសើរដល់ក្រុមអត្ពពលិកកាលពីម្សិលមិញដូច្នេះថា៖«ការប្រកួតជើងឯកតេក្វាន់ដូ ITF អាស៊ីនៅម៉ុងហ្គោលីត្រូវបានបញ្ចប់ហើយ។ ជាសរុបកម្ពុជាបានទទួលមេដាយមាស ០៨ ប្រាក់ ០៥ និងសំរឹទ្ធចំនួន ០៨ ហើយក្រុម ITF កម្ពុជា មិនត្រឹមតែនាំមេដាយមាសជូនមាតុភូមិប៉ុណ្ណោះទេ ថែមទាំងនាំជើងពាន ០២ សម្រាប់ប្រទេសថែមទៀតផង។ ចំណែកកូនតូចរបស់ខ្ញុំវិញ គាត់បានទទួលជើងពានជើងឯកវ័យក្មេងក្រៅពីមេដាយមាសរបស់គាត់(បើបាល់ទាត់វិញគឺស្បែកជើងមាស)។»
 
លោកបានបន្តថា៖«សម្រាប់ការឈ្នះរបស់ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជាលើកនេះ ក៏បានធ្វើឱ្យគ្រូបង្វឹកនៃប្រទេសកាហ្សាក់ស្ថាន (Kazakhstan) ដែលតែងតែបានមេដាយមាសជាដរាប នោះពួកគេបានគ្រវីក្បាលជាប់រហូតពេលជួបប្រកួតជាមួយនឹងអត្ពលិកកម្ពុជា។ នេះ សបញ្ជាក់ឱ្យឃើញថា ប្រភេទកីឡាតេក្វាន់ដូ ITF របស់កម្ពុជាមានសមត្ថភាពពិតប្រាកដក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣។»
 
គួររំលឹកថា សហព័ន្ធកីឡាតេក្វាន់ដូ ITFបានបញ្ចូនអត្តពលិករបស់ខ្លួនចំនួន២៤ នាក់(នារី២នាក់) ដែលបានចេញដំណើរទៅកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ដើម្បីចូលរួមព្រឹត្តការណ៍ខាងលើ ខណៈការប្រកួតជាផ្លូវការធ្វើឡើងនាថ្ងៃទី១០ រហូតល់ថ្ងៃទី១៣ ខែឧសភាម្សិលមិញនេះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់