កម្ពុជា សម្រេចយក ១២ប្រភេទកីឡាចូលរួមប្រកួត Asian Games ឆ្នាំនេះ

នូ មករា May 10, 2018


ភ្នំពេញ៖ កាលពីពេលថ្មីនេះ ក្រសួងអប់រំយុវជន និងកីឡា កោះហៅសហព័ន្ធចំនួន ១២ប្រភេទកីឡាមកប្រជុំដោះស្រាយបញ្ហា និងការប្រមូលផ្ដុំក្រុមជម្រើសជាតិធ្វើការហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ីក្រោមវត្តមាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា៖ «ការប្រកួតកីឡាអាស៊ី លើកទី១៨ ដែលឥណ្ឌូនេស៊ីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនេះនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៨ ខែសីហា ហើយបញ្ចប់ទៅវិញនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ដោយគណៈកម្មការរៀបចំការប្រកួតសម្រេចដាក់កីឡា ៤០ប្រភេទស្មើនឹង ៤៦២វិញ្ញាសា សម្រាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្តងនេះដោយមានចំនួន ១២ប្រភេទកីឡានោះរួមមាន៖ កីឡាអត្តពលកម្ម ហែលទឹក គុនដាវ ម៉ូតូទឹក ទូកក្ដោង យូដូ ជិះសេះ ការ៉ាតេដូ ចំបាប់ វាយកូនបាល់ តេក្វាន់ដូ និងប្រភេទកីឡាប្រយុទ្ធ Jujutsu ។»

លោកបានបន្តថា ក្នុងចំណោមកីឡាទាំង ១២ប្រភេទ គឺមានកីឡាករ-កីឡាការិនីប្រមាណ ៤០នាក់ និងថ្នាក់ដឹកនាំ-គ្រូបង្វឹកជាង ២០នាក់សរុប ៥៦នាក់ ដែលស្ថិតក្នុងផែនការបញ្ជូនទៅ Asian Games ហើយការជ្រើសរើសនេះ ធ្វើឡើងដោយផ្អែកលើសមត្ថភាព និងសក្ដានុពលរបស់កីឡាករដែលមានកម្រិតបច្ចេកទេសល្អទៅតាមប្រវត្តិប្រកួតលើឆាកអន្ដរជាតិ ៕ អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់