រដ្ឋមន្រ្តីក្រសួងអប់រំព្រមានដកគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកដែលខ្ជីខ្ជាពេលហ្វឹកហាត់ និងការបង្វឹក

នូ មករា May 10, 2018


ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ក្នុងប្រជុំដើម្បីការត្រៀមលក្ខណ:ចូលរួមក្នុងការប្រកួតកីឡាអាស៊ី (ASIAN Games) នៅប្រទេសឥណ្ឌូណេស៊ីបានលើកឡើងថា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជម្រើសជាតិដែលមិនមកហ្វឹកហាត់តាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវកាត់ឈ្មោះចេញជាប្រញាប់ដើម្បីជ្រើសរើសអ្នកមានសមត្ថភាពមកវិញ។
  
លោកបានបន្តថា គេមិនអាចទុកកីឡាករ-កីឡាការិនីជម្រើសជាតិដែលគ្មានក្រមសីលធម៌ មិនគោរពដឹកនាំ និងគ្រូបង្វឹកដែលមកហ្វឹកលំៗយកតែប្រាក់ខែរដ្ឋធ្វើឲ្យប្រទេសជាតិបាត់បង់កេរ្តិ៍ឈ្មោះពេលទៅចូលរួមប្រកួតលើឆាកអន្តរជាតិបានទេ។ ផ្ទុយទៅវិញគេត្រូវជ្រើសរើសកីឡាករ-កីឡាការិនីដែលមានទឹកចិត្តស្រឡាញ់ ខ្លួនឯង និងប្រទេសជាតិព្រមទាំងមានសមត្ថភាពអាចដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធឲ្យប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីក្រសួងអប់រំបានបន្ថែមទៀតថាមុននឹងបញ្ជូនក្រុមកីឡាករ កីឡាការិនីចូលរួមព្រឹត្តិការណ៍អន្តរជាតិនានាត្រូវឆ្លងកាត់ការប្រកួតជាផ្លូវការដោយមានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាអគ្គនាយកកីឡាចូលរួមត្រួតពិនិត្យការប្រកួតនោះដើម្បីជ្រើសរើសក្រុមកីឡាករ-កីឡាការិនីមានស្នាដៃប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅរដ្ឋបានចំណាយប្រមាណ ៣.០០០.០០០ដុល្លារសម្រាប់ជារង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីដែលដណ្ដើមបានមេដាយពីព្រឹត្តិការណ៍ប្រកួតនានា ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់