វីរៈកីឡាការិនី ស៊ន សៀវមុី មានកាតព្វកិច្ចចូលរួមប្រកួតប្រជែងកម្រិតទ្វីបអាសុីច្រើនក្នុងឆ្នាំនេះ

នូ មករា May 9, 2018


ភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានថ្លែងថាឆ្នាំនេះមានការប្រកួតច្រើនណាស់ហើយការប្រកួតដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ីនាខែសីហា ខាងមុខ ។ ដោយសារការប្រកួតកីឡាអាស៊ីនេះហើយទើបធ្វើឲ្យកីឡាការិនីរូបនេះក្លាយជាវីរៈកីឡាការិនី ព្រោះនាងជាជនជាតិខ្មែរដំបូងគេដែលដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាអាស៊ី (ASIAN Games) ។ ជាមួយនឹងការដណ្ដើមបានមេដាយមាសនេះកីឡាការិនីរូបនេះក៏បានឈ្នះក្នុងការប្រកួតជម្រុះដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីលទៀតផង ។
ពេលនេះក្នុងមួយថ្ងៃ សៀវម៉ី តែងចំណាយពេលហាត់ ៣ពេលជាមួយគ្រូបង្វឹកជនជាតិកូរ៉េគឺ លោក ឆយ យ៉ុងសុក ។ សៀវម៉ីបាននិយាយថាបន្ទាប់ពីវះកាត់ជង្គង់ហើយអ្វីៗបានវិលមកកាន់ភាពធម្មតាវិញតែបើថ្ងៃណាហក់លោតច្រើន ជង្គង់ហាក់មានអាការៈស្រៀវដែរតែមិនធ្ងន់ធ្ងរទេ ។ សៀវម៉ី បានឲ្យដឹងទៀតថាឆ្នាំនេះការប្រកួតបើកទូលាយ (Open) នៅសាធារណរដ្ឋកូរ៉េមាន២-៣ប្រកួតដែលនោះជាឱកាសដើម្បីសាកល្បង និងវាស់ស្ទង់សមត្ថភាព ។
នៅក្នុងខែឧសភានេះដែរក៏មានការប្រកួតតេក្វាន់ដូជើងឯកទ្វីបអាស៊ីនៅប្រទេសវៀតណាម (Taekwondo ASIAN Championship) ដែលព្រឹត្តិការណ៍នេះមានប្រទេសជាង ៣០ នៅក្នុងទ្វីបអាស៊ីចូលរួម ។ ព្រឹត្តិការណ៍សំខាន់មួយទៀតនាខែសីហាគឺព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ី (ASIAN Games) ដែលកីឡាការិនី ស៊ន សៀវម៉ី មានកាតព្វកិច្ចការពារតំណែងមេដាយមាសរបស់ខ្លួន ។ សៀវម៉ី បានចាត់ទុកថានេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រូបនាង ។ លោក ឆយ យ៉ុងសុក ដែលជាគ្រូបង្វឹកនៅតែមានជំនឿចិត្តចំពោះ សៀវម៉ី ក្នុងការស្វែងរកមេដាយមាសពីការប្រកួតកីឡាអាស៊ីឲ្យបានម្ដងទៀត ។ រាល់ការខិតខំទាំងអស់ធ្វើឲ្យលោកមានជំនឿចិត្តលោកជឿថា សៀវមុី នឹងធ្វើបាន ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់