ស្ថានទូតអាមេរិគ នឹងធ្វើកិច្ចសំភាសន៍ជាមួយកីឡាការិនីគុនដាវឆ្នើម ឆាយ លីនលី និងគ្រូបង្វឹក សាន សុខសីហា

នូ មករា May 9, 2018


ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ខាងមុខនេះនាវេលាម៉ោង ២:៣០ រសៀល ស្ថានទូតសហរដ្ឋអាមេរិគប្រចាំនៅកម្ពុជានឹងធ្វើបទសំភាសន៍ក្នុងកម្មវិធី តោះជជែងលេង! របស់ខ្លួនដោយមានការចូលរួមពីកីឡាការិនីគុនដាវ ឆាយ លីនលី ដែលនៅក្នុងពេលថ្មីៗនេះទើបតែទទួលបានមេដាយប្រាក់នៅក្នុងការប្រកួតជ្រើសរើសជើងឯកយុវជន ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ផ្នែកកីឡាគុនដាវរបស់សហព័ន្ធកីឡាគុនដាវអាស៊ីអាគ្នេយ៍ ។

នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ សហព័ន្ធកីឡាគុនដាវកម្ពុជាបានបញ្ជូនកីឡាការិនី ៣ នាក់ នៅក្នុងចំណោមកីឡាករចំនួន ៩នាក់ទៅចូលរួមដោយក្នុងវិញ្ញាសាជាក្រុមដែលមាន ឆាយ លីនលី ផងនោះបានឈ្នះមេដាយប្រាក់នៅក្នុងការប្រកួតឯកត្តកម្មនារី។ សូមបញ្ជាក់ថា លីនលី គឺជាកីឡាការិនីគុនដាវវ័យក្មេងដ៏ពូកែនៅក្នុងក្រុមជម្រើសជាតិកម្ពុជា និងមានក្តីស្រមៃចង់ចូលរួមប្រកួតនៅក្នុងកីឡាអូឡាំពិកនាពេលអនាគត។ គួររំលឹកថា រូបនាងបានទទួលមេដាយចំនួន ២ នៅក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ គឺមួយនៅឆ្នាំ២០១៦ និងមួយទៀតនៅឆ្នាំ២០១៧។ នៅក្នុងការប្រកួតជ្រើសរើសជើងឯកសំរាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨នេះ នៅប្រទេសម៉ាឡេស៊ី នាងបានទទួលមេដាយប្រាក់ដោយស្ថិតក្នុងវ័យ ១៧ឆ្នាំប៉ុណ្ណោះ ។

ចំពោះ លោក សាន សុខសីហា វិញមានអាយុ ២៣ឆ្នាំហើយពេលនេះគឺជាគ្រូបង្វឹកកីឡាគុនដាវ និងជាអាជ្ញាកណ្តាលប្រចាំនៅសហព័ន្ធគុនដាវកម្ពុជា ថែមទាំងកំពុងកាន់សញ្ញាបត្រអាជ្ញាកណ្តាលកម្រិត C ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាគុនដាវទ្វីបអាសុីទៀតផង ។ លោកបានហ្វឹកហ្វឺន និងបានដឹកនាំក្រុមជម្រើសជាតិឱ្យទទួលបានមេដាយចំនួន៣ ពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨។ គ្រូបង្វឹកវ័យក្មេងរូបនេះមានសុទិដ្ឋិនិយមថា កីឡាគុនដាវនឹងបន្តរីកចម្រើននៅកម្ពុជា ៕

អត្ថបទ៖ មករា

មតិយោបល់