កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង៣៥ ដែលរៀបចំ Asian Games Fun Run 2018

នូ មករា May 8, 2018


ភ្នំពេញ៖ នេះគឺជាលើកទី២ហើយដែលកម្ពុជាទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ Asian Games Fun Run 2018 នេះដោយមានការចូលរួមរត់កម្សាន្តពីមហាជនជាង១០០០នាក់ជុំវិញបរិវេណសណ្ឋាគារសុខាភ្នំពេញ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា រាជធានីភ្នំពេញជាទីក្រុងមួយក្នុងចំណោម ៣៥ រាជ-រដ្ឋធានីដែលទទួលជាម្ចាស់ផ្ទះរៀបចំ Fun Run ដើម្បីផ្សារភ្ជាប់ទៅកាន់ការផ្សព្វផ្សាយព្រឹត្តិការណ៍អាស៊ីលើកទី១៨ នៅក្រុងហ្សាកាតារ និងប៉ាលែមបាង ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។
 
ជាមួយគ្នានេះដែរ ក្រុងពីរនៅប្រទេសអ៊ីរ៉ង់ ពោលគឺ Tehran និង Isfahan ក៏នឹងរៀបចំព្រឹត្តិការណ៍ Fun Run នាខែមិថុនា មុនក្រុង Baghdad និង Basra របស់ប្រទេសអ៊ីរ៉ាក់ដែលរឹតតែកៀកទៅព្រឹត្តិការណ៍កីឡាអាស៊ី។
សូមបញ្ជាក់ថា ក្រៅពីមហាជនជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ Fun Run ក៏មានវត្តមានអគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំកីឡាអាស៊ីនៅឥណ្ឌូណេស៊ី លោក Air Marshal (Ret) Eris Herryanto នាយករៀបចំកីឡាអាស៊ី និងអ្នកគ្រប់គ្រងសាមគ្គីកីឡាអូឡាំពិកអាស៊ី លោក Olivier Niamkey រួមជាមួយភ្ញៀវពិសេសសម្រាប់ព្រឹត្តិការណ៍នេះ គឺ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីលោក Surdiman Haseng ។
 
លោក Surdiman Haseng បានថ្លែងថា៖ «ខ្ញុំពិតជាសប្បាយខ្លាំងណាស់ដែលបានឃើញទិដ្ឋភាពបែបនេះចំពោះការរត់កម្សាន្ត។ NOCC បានធ្វើការងារជាច្រើនក្នុងការផ្សព្វផ្សាយដល់កីឡាអាស៊ីនៅប្រទេសឥណ្ឌូណេស៊ី ហើយយើងត្រូវតែបន្តសហការជាមួយកម្ពុជាថែមទៀត» ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់