សម្តេចហ៊ុន សែន ស្នើសុំព្រះមហាក្សត្រប្រោសប្រទានភ្លើងគប់បើកកីឡាជាតិលើកទី២

នូ មករា May 8, 2018


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានស្នើសុំព្រះរាជានុញ្ញាត្តពីព្រះអង្គដើម្បីប្រោសព្រះទានភ្លើងគប់ដែលនឹងត្រូវដុតបំភ្លឺបើកព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨នេះ ។ យោងតាមលិខិតទូលថ្វាយដែលក្រុមការងារយើងខ្ញុំទើបទទួលបាន បានបញ្ជាក់ថា តាមការគម្រោងទុកបន្ទាប់ពីព្រះមហាក្សត្រសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានហើយអត្តពលិកដែលត្រូវបានចាត់តាំងដោយគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាជាតិនោះ នឹងនាំគ្នាដង្ហែរពីព្រះបរមរាជវាំងរហូតដល់ពហុកីឡដ្ឋានជាតិអូឡាំពិកមុននឹងដុតបំភ្លឺតែម្តងនាវេលាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ។

អគ្គលេខាធិការនៃគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា សំណើស្នើសុំភ្លើងគប់សម្រាប់បំភ្លឺនេះសម្ដេចហ៊ុន សែន បានធ្វើឡើងកាលពីម្សិលមិញហើយដំណើរការសុំព្រះរាជទានភ្លើងគប់ពីព្រះករុណានឹងទទួលបានការឆ្លើយតបមកវិញនារយ:ពេល ២ថ្ងៃទៀត ។

សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី២នេះធ្វើឡើងក្រោមប្រធានបទ៖ «កីឡា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ» ដោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពអត្តពលិក ក៏ដូចជាមន្ត្រីជំនាញនានា មុននឹងកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតសុីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ ៕

អត្ថបទ៖ មករា និង ប៉ាវ ឡុងជីង

មតិយោបល់