អូឡាំពិកកម្ពុជាដឹកនាំតំណាងប្រតិភូបរទេសទស្សនកិច្ចពហុកីឡដ្ឋានមរតកតេជោ

នូ មករា May 8, 2018


ភ្នំពេញ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំ OS/OCA Regional Forum 2018 នៅលើទឹកដីកម្ពុជារួចមកនោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីទស្សនកិច្ចមួយនៅពហុកីឡដ្ឋានមរតតេជោដើម្បីបង្ហាញពីសមិទ្ធផលដែលកម្ពុជាបានត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
លោកស្រីបណ្ឌិត ស៊ូភីត សាម៉ាស៊ីតូ តំណាងគណៈកម្មាធិការជាតិអូឡាំពិកថៃដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចដែរនោះបានមានប្រសាសន៍ថា៖ «អ្វីដែលកម្ពុជាមានពេលនេះ គឺវាលឿនពេកហើយ ដូច្នេះសម្រាប់ ៥ឆ្នាំទៀត ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដូចជាមិនមានអ្វីត្រូវខ្វះ ហើយខ្ញុំក៏គ្មានអ្វីត្រូវបន្ថែមដែរ ។ ប៉ុន្ដែអ្វីដែលសំខាន់ ខ្ញុំចង់ឲ្យកម្ពុជា យកចិត្តទុកដាក់ជាមួយយុវជនឲ្យបានច្រើន ព្រោះយុវជនគឺជាអ្វីៗគ្រប់បែបយ៉ាង ដែលអាចធ្វើឲ្យហ្គេមរបស់យើងទទួលបានជោគជ័យ» ។
 
មិនត្រឹមតែប៉ុណ្ណោះតំណាង NOC ថៃរូបនេះក៏បានកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់វិស័យកីឡាកម្ពុជា ដែលខុសប្លែកកាលពី ១៥ឆ្នាំមុន ដែលលោកស្រីធ្លាប់មកធ្វើវាគ្មិនលើកដំបូងនៅកម្ពុជា ។ ត្រង់ចំណុចនេះ លោកស្រីជឿជាក់ កម្ពុជានឹងឈានទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងឈានទៅរៀបចំព្រឹត្តិការណ៍ធំៗផ្សេងទៀត ។
ជាមួយគ្នានោះដែល លោក Haider Farman នាយកកីឡានៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក៏បានវាយតម្លៃខ្ពស់ ចំពោះដំណើរការវិវត្តវិស័យកីឡាកម្ពុជា និងវិស័យផ្សេងៗពិសេសគឺការចែករំលែកនូវបទពិសោធល្អៗជាច្រើនពីបណ្ដាប្រទេសចូលរួម ដែលជាប្រយោជន៍ទៅវិញទៅមក សម្រាប់ជាដើមទុនអភិវឌ្ឍន៍វិស័យកីឡាតាមបណ្ដាប្រទេសនីមួយៗពិសេសគឺប្រទេសកម្ពុជាដែលត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ តែម្ដង ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់