លោក កែវ រ៉េមី ជូនពរអត្តពលិកមុនចេញទៅប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ីនៅម៉ុងហ្គោលី

នូ មករា May 7, 2018


ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនីតេក្វាន់ដូចំនួន ២៤នាក់មុននឹងចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកកម្រិតអាស៊ីលើកទី៩ នៅទីក្រុង Ulaanbaator ប្រទេសម៉ុងហ្គោលី។
 
ព្រឹត្តិការណ៍នេះមានប្រទេសចំនួន៤២ចូលរួម ហើយការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលក្រុមកម្ពុជាក៏ត្រូវចេញដំណើរទៅនៅថ្ងៃទី៧ ខែឧសភាដែរ ។ លោក កែវ រ៉េមី បានសំណូមពរឲ្យកីឡាករ-កីឡាការិនី ទាំងអស់ត្រូវរក្សាសុខភាពឲ្យល្អប្រសើរជាពិសេសចំណីអាហារព្រោះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពបាន ។
 
សម្រាប់ការប្រកួតលើកនេះវិញ លោកមានក្តីសង្ឃឹមច្រើនក្នុងការដំណើរដណ្តើមមេដាយជូនជាតិព្រោះសហព័ន្ធបានបញ្ជូនកីឡាករវ័យក្មេង និងឆ្នើមដែលមានសមត្ថភាពខ្ពស់ទៀតផងក្នុងការប្រកួតប្រជែង។ ចំពោះកីឡាករ -កីឡាការិនីតេក្វាន់ដូចំនួន២៤នាក់ក្នុងនោះមានកីឡាការិនី២នាក់ គឺកីឡាការិនីរស់ ស្រីនិច និងកីឡាការិនីលឹម ខេង ។ លោកបានបន្តថា សម្រាប់ការប្រកួតវិញ្ញាសាសម្តែងពិសេសមាន៦វិញ្ញាសា តែកម្ពុជាបានបញ្ជូនតែ៥វិញ្ញាសាប៉ុណ្ណោះចំណែកវិញ្ញាសាប្រយុទ្ធវិញគេបែងចែកចេញជាប្រភេទអាយុ គឺអាយុ៣៩-៤៥ឆ្នាំ អាយុ១៦-១៧ឆ្នាំ អាយុ១៤-១៥ឆ្នាំ និងអាយុ១១-១៣ឆ្នាំ ៕
អត្ថបទ៖ ប៉ាវ ឡុងជីង

 

មតិយោបល់