ម្សិលមិញម្ចាស់ផ្ទះកម្ពុជា បើកវេទិកាអូឡាំពិកតំបន់ OS/OCA Regional Forum-2018

នូ មករា May 7, 2018


ភ្នំពេញ៖ នេះជាលើកទី២ហើយដែលកម្ពុជាទទួលបានសិទ្ធិក្នុងការរៀបចំវេទិកាអូឡាំពិកតំបន់ “OS/OCA Regional Forum ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងមានការចូលរួមពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងសមាជិកគណៈកម្មាធិការជាតិអូឡាំពិកក្នុងតំបន់ចំនួន ២៥ប្រទេសផ្សេងទៀតផងដែរ។
វេទិកាអូឡាំពិកតំបន់នេះ គឺមានរយៈពេល ២ថ្ងៃពោលគឺនាថ្ងៃទី០៦-០៧ ខែឧសភា នៅសណ្ឋាគាសុខា ហើយប្រធានបទសំខាន់ៗ ដែលត្រូវលើកយកមកបង្ហាញនាឱកាសនោះ គឺមានក្រុមគណៈកម្មការជំនាញនៃព្រឹត្តិការណ៍ធំៗចំនួន ៣ នឹងធ្វើបទបង្ហាញចែករំលែកបទពិសោធន៍រួមមានការត្រៀមការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី, ការប្រកួតកីឡាអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅអាហ្សង់ទីន និងការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យ ឆ្នាំ២០២០ នៅជប៉ុន ដែលសុទ្ធតែជាបទពិសោធន៍ដ៏សំខាន់ដែលកម្ពុជាត្រូវចាប់យកសម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។
ក្នុងឳកាសនេះដែរ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា៖ «វេទិកាអូឡាំពិកតំបន់ឆ្នាំ២០១៨ នាពេលនេះ ពិតជានាំមកនូវកាលានុវត្តភាពថ្មីសម្រាប់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាសម្រាប់កីឡាកម្ពុជាដែលបានទទួលសិទ្ធិ និងទំនុកចិត្តពីអង្គការសាមគ្គីអូឡាំពិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីឱ្យរៀបចំទទួលស្វាគមន៍គ្រួសារអូឡាំពិកតំបន់អាស៊ីនៅរាជធានីភ្នំពេញបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈវេទិកានេះនឹងពង្រឹងបានបន្ថែមទៀតនូវការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមចលនាអូឡាំពិកក្នុងតំបន់ និងក្រុមការងារអូឡាំពិកអន្តរជាតិ»។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានចាត់ទុកជាធាតុចូលយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជាដែលកំពុងសម្រួចទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់អង្គការកីឡា និងភាគីពាក់ព័ន្ធ តែលោកក៏បានអំពាវនាវដល់គ្រប់គណៈកម្មាធិការជាតិអូឡាំពិក និងអង្គការកីឡាធំៗ ចែករំលែកនូវបទពិសោធន៍ក្នុងការដឹកនាំគ្រប់គ្រងព្រឹត្តិការណ៍កីឡាធំៗ និងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងបច្ចេកទេស ធនធានហិរញ្ញវត្ថុ ដល់ NOCC ដើម្បីឲ្យកម្ពុជាមានលទ្ធភាពរៀបចំស៊ីហ្គេម ឆ្នាំ២០២៣កាន់តែជោគជ័យ ។ លោកនាយឧត្តមសេនីយ៍ មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា វេទិកាអូឡាំពិកតំបន់ពេលនេះ នឹងដំណើរការប្រកបដោយផ្លែផ្កា និងផ្ដល់នូវធាតុចូលយ៉ាងសំខាន់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាកិត្តិយសរបស់យើងទាំងអស់គ្នា» ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់