ចំបាប់កម្ពុជា ត្រូវការយុវជនមានសមត្ថភាព៤ នាក់ចេញទៅប្រកួត Asian Games 2018

នូ មករា May 3, 2018


ភ្នំពេញ៖​ ខណៈព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី (Asian Games 2018) នៅប្រទេសឥណ្ឌូនេស៊ី កំពុងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខហើយ ពោលគឺចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ខាងមុខនោះ សហព័ន្ធបាននឹងកំពុងធ្វើតេស្តចម្រាញ់ជ្រើសរើស អត្តពលិក៤រូប ដែលមានទេពកោល្យល្អ មកតំណាងឱ្យជាតិ សម្រាប់ចូលរួមការប្រកួតនោះ។ សហព័ន្ធកីឡាចំបាប់កម្ពុជា បានឯកភាពគ្នាប្រើប្រាស់នូវគោលការណ៍ និងទិសដៅថ្មី គឺការប្រកួតធ្វើ «តេស្ត» ទៅលើក្រុមជម្រើសជាតិ ទាំងក្រុមថ្នាល និងឈុតធំ ដើម្បីជ្រើសរើសរកអ្នកមានសមត្ថភាពពិតប្រាកដចេញទៅប្រកួតតំណាងឲ្យប្រទេសជាតិនៅលើឆាកអន្តរជាតិ ហើយទិសដៅថ្មីនេះត្រូវបានអ្នកជំនាញប្រាប់ថានឹងធ្វើឲ្យក្រុមចំបាប់កម្ពុជាកាន់តែមានការអភិវឌ្ឍប្រសើរឡើងសម្រាប់ការប្រជែងរកមេដាយឲ្យកម្ពុជា។
 
អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ធិន វិចិត្រ​ បានឱ្យដឹងថា៖ មកដល់ពេលនេះ សហព័ន្ធកំពុងស្វែងរកអ្នកមានសមត្ថភាពចំនួន ៤ នាក់ នៅលើប្រភេទទម្ងន់ ៥០ និង ៥៧ គ.ក្រផ្នែកនារី និងទម្ងន់ ៦៣ និង៨៦ គ.ក្រ ផ្នែកបុរស សម្រាប់ត្រៀមចេញទៅប្រកួតកីឡាអាស៊ី (Asian Games 2018) ដែលនឹងត្រូវធ្វើនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី ២ ខែកញ្ញា ខាងមុខនេះ។
   
លោកបន្តថា៖ «ការដាក់ឲ្យធ្វើតេស្តនេះ ជាគោលការណ៍ថ្មីរបស់សហព័ន្ធ ដែលធ្វើឲ្យមានការប្រឹងប្រែងទាំងអស់គ្នា ទាំងគ្រូបង្វឹកក្រុមថ្នាល ក្រុមឈុតធំ និងគណៈកម្មការប្រតិបត្តិរបស់យើង ព្រោះនេះជាវឌ្ឍនភាពមួយរបស់សហព័ន្ធ ក្នុងការជួយជំរុញឲ្យអត្តពលិកមានការកើនឡើងផ្នែកគុណផល និងបច្ចេកទេស ដែលយើងអាចសម្រិតសម្រាំងរកបានអ្នកមានសមត្ថភាពពិតប្រាកដ សម្រាប់ចេញទៅប្រកួតតំណាងឲ្យជាតិ ក្នុងព្រឹត្តិការណ៍ផ្សេងៗ នៅលើឆាកអន្តរជាតិ»៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់