ការប្រកួតកីឡាមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះធ្វើនៅខេត្តកំពត

នូ មករា May 2, 2018


ភ្នំពេញ៖ ប្រធាននាយកដ្ឋានអប់រំកាយ និង កីឡា សិស្សនិស្សិតបានថ្លែងឲ្យដឹងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២ ខែឧសភានេះថាការប្រកួតកីឡាមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០១៨ នឹងធ្វើនៅទីរួមខេត្តកំពតដោយចាប់ផ្ដើមពីថ្ងៃទី៥ ហើយនឹងបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ។ ព្រឹត្តិការណ៍នេះគាំទ្រទាំងស្រុងដោយភេសជ្ជៈ Sponsor ។ លោក ស្រ៊ីន ផល្លា ដែលជាតំណាងរបស់ក្រុមហ៊ុន Sponsor បានអះអាងថាមូលហេតុដែលក្រុមហ៊ុនលោកឧបត្ថម្ភការប្រកួតកីឡាសិស្សចាប់ពីបឋមសិក្សាដល់ឧត្តមសិក្សានេះដោយសារតែភេសជ្ជៈរបស់លោកជាភេសជ្ជៈសម្រាប់កីឡាតែម្ដង ។
ការប្រកួតនេះមាន៨ប្រភេទកីឡាគឺបាល់ទាត់បុរសមាន២៥ក្រុម នារី២១ក្រុម, បាល់ទះបុរសមាន២៤ក្រុម នារីមាន២៣ក្រុម, ប្រភេទបាល់បោះបុរាមាន២១ក្រុម នារីមាន១៩ក្រុម, អត្តពលកម្មបុរសមាន២៥ក្រុម នារីមាន ២៤ក្រុម, ប៉េតង់បុរសមាន១៧ក្រុម នារីមាន១៥ក្រុម សម្រាប់ប៉េតង់វិញ្ញាសាដែលដាក់ឲ្យប្រកួតមាន២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ (Shooting) និង វិញ្ញាសា៣នាក់ទល់៣នាក់, វាយកូនឃ្លីលើតុបុរសមាន១០ក្រុម នារីមាន ៦ក្រុម, វិញ្ញាសាវាយកូនឃ្លីលើតុនេះមាន៣វិញ្ញាសាគឺវិញ្ញាសាម្នាក់ទល់ម្នាក់ វិញ្ញាសាវាយគូ និងវិញ្ញាសាជាក្រុម ។ សម្រាប់ការប្រកួតនេះមានកីឡាករ-កីឡាការិនីគ្រូបង្វឹក គ្រូជំនួយចំនួន២.៨៦៦នាក់ក្នុងនោះកីឡាករ-កីឡាការិនីសុទ្ធ ចំនួន២.៦៨៩នាក់ ។
ជាមួយគ្នានេះ គណៈកម្មការរៀបចំការប្រកួតបានជួយសណ្ឋាគារចំនួន១ និងផ្ទះសំណាក់ចំនួន៣៤ដើម្បីស្នាក់នៅក្នុងអំឡុងពេលប្រកួតនេះ ។ ចំពោះការប្រកួតនេះបាល់ទាត់ប្រើប្រាស់ទីលានចំនួន ៤, បាល់ទះទីលានចំនួន ៤, បាល់បោះទីលានចំនួន ៤, វាយកូនឃ្លីលើតុទីលានចំនួន ២, ប៉េតង់ទីលានចំនួន ៦ រីឯអត្តពលកម្មធ្វើនៅតាមទីលានបាល់ទាត់ ។ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាបានសំណូមពរឲ្យអ្នកគ្រប់គ្រងកីឡាទាំង២៥ រាជធានី-ខេត្តត្រូវរក្សាឲ្យបាននូវសុវត្ថិភាពកីឡាករ-កីឡាការិនីរបស់ខ្លួន ចំណែកឯមន្ត្រីបច្ចេកទេសត្រូវប្រកាន់ភាពយុត្តិធម៌ក្នុងការបំពេញភារកិច្ចឲ្យបានដាច់ខាត ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់